ឃាត់ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​​ជា​ឪពុក​និង​​កូន​ពី​​បទ​ឆក​បោក​​និង​​លួច​​ថាម​ពល​​អគ្គិសនី​​

13-07-2017 4:21 pm 569

​បុរស​ពីរ​នាក់​ដែល​ត្រូវជា​ឪពុក​និង​កូន ត្រូវបាន​សមត្ថកិច្ច​ឃាត់ និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ បាន​បន្លំ​ខ្លួន​ជា​បុគ្គលិក​អគ្គិសនី​កម្ពុជា និង​ចេះ​កែច្នៃ​នាឡិកា​ស្ទង់​។​

​បើ​តាម​អគ្គិសនី​កម្ពុជា ឱ្យដឹង​នៅ​ថ្ងៃទី​១៣​កក្កដា​នេះ​ថា អគ្គិសនី​កំពត​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ឲ្យ​ចាន់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ដែល​បាន​បន្លំ​ខ្លួន​ជា​បុគ្គលិក​អគ្គិសនី​កម្ពុជា ហើយ​ប្រើ​ស្លាក​លេខ​ឡាន​របស់​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ប៉ុនប៉ង​លួច​ថាមពល​អគ្គិសនី និង​ប៉ុនប៉ង​ឆបោក​ម្ចាស់​រោងចក្រ​ទឹកកក​ថា ពួក​គេ​ចេះ​ធ្វើឲ្យ​ភ្លើង​ស៊ី​តិច នៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​មន្ត្រីនគរបាល​បញ្ជូន​ខ្លួន​ទៅ តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ទន្ទឹមនឹងនេះ អគ្គិសនី​កម្ពុជា​អំពាវនាវ​ដល់​អតិថិជន​ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ជន​ឆបោក​ទាំងឡាយ​ដែល​ដើរ​បោកប្រាស់​ដូច​ករណី​ខាងលើ​នេះ​។ ហើយ​ក្នុង​ករណី​មាន​ការសង្ស័យ​លើ​បទល្មើស​លួច​ថាមពល​អគ្គិសនី សូម​អតិថិជន ឬ​សាធារណជន​មេត្តា​រាយការណ៍​មក​អគ្គិសនី​កម្ពុជា​ជា​បន្ទាន់​៕

 ពាក្យគន្លឹះ  ​អគ្គិសនី​កម្ពុជា

ព័ត៌មានផ្សេងទៀត