GMAC ស្នើ​ឲ្យ​លោក​អាត់ ធន់ គួរ​សម្តែង​មតិ​ដោយ​ក្តី​ថ្លៃថ្នូ​រនិង​ទទួលខុសត្រូវ​

12-07-2017 4:05 pm 651

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការលើកឡើង​របស់ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ចុះផ្សាយ​ក្នុង​កាសែត The Cambodia Daily ដោយ​លោក​បាន​ដាក់​ការសង្ស័យថា ការប្រើប្រាស់​ប្រាក់កម្ចី​ដែល សមាគម​បាន​ខ្ចី​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង​បាន​សន្និដ្ឋានថា វិទ្យាស្ថាន​ដែល GMAC បាន​បង្កើតឡើង គឺ​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ ជាជាង​ខិតខំ​កសាង​សមត្ថភាព ចំណេះ និង​ជំនាញ​របស់​កម្មករ ក្នុង​វិស័យ​កាត់ដេរ​។ ការបញ្ជាក់​ដូច្នេះ ត្រូវបាន GMAC ចាត់ទុកថា ជា​ការគិត​ដ៏​អគតិ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​

​បើ​តាម​សេចក្តីថ្លែងការណ៍ របស់​GMAC នៅ​ថ្ងៃ​ទី​១២ កក្កដា​នេះ បាន​បំភ្លឺ​ជុំវិញ​ករណី​នេះ​ថា​៖

១. ប្រាក់​កម្ចី​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) ត្រូវបាន​ចងភ្ជាប់​ទៅ​នឹង​លក្ខណ​ខណ្ឌ​ដ៏​តឹងរឹង​របស់​AFD​។​

២. គោលបំណង​ចំបង នៃ​ការបង្កើត​វិទ្យាស្ថាន គឺ​ដើម្បី​កសាង​ធនធានមនុស្ស នៅ​កម្ពុជា​លើ​ជំនាញ​រឹង និង​លើ​ជំនាញ​ទន់ សម្រាប់​គ្រប់​កម្រិត ដើម្បី​ផ្តល់​ឱកាស ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​អាច​អភិវឌ្ឍ​ខ្លួន ទៅ​ចាប់​យក​តួនាទី​ជា​អ្នកគ្រប់គ្រង​ខ្ពស់ៗ ជំនួស​ឲ្យ​ជន​បរទេស​នា​ថ្ងៃ​អនាគត ដើម្បី​កសាង​វិស័យ​នេះ ឲ្យ​រីកចម្រើន​ទៅ​មុខ ក៏​ដូច​ជា​បន្ត​ចូលរួម​ដល់​ការកសាង​សេដ្ឋកិច្ចជាតិ​។ ដោយឡែក ចំពោះ​ការបង់ថ្លៃ​សិក្សា គឺជា​លក្ខខណ្ឌ ដើម្បី​ធានាឲ្យបាន​នូវ​និរន្តរភាព របស់​វិទ្យាស្ថាន ហើយ​ថ្លៃ​សិក្សា​នេះ​ទៀតសោត ត្រូវបាន​កំណត់​ដោយ​មាន​ការសិក្សា ច្បាស់លាស់​ពី​ក្រុម​អ្នកជំនាញ​។ បន្ថែម​​ពី​​នេះ សមាគម​មាន​អនុគណៈកម្មាធិការ បណ្តុះបណ្តាល និង​ផលិតភាព ជា​អ្នកពិនិត្យ​លើ​ការងារ​ទាំងអស់​នេះ​។​

​សេចក្តីថ្លែងការណ៍ ក៏​បាន​ស្នើ​ដល់​លោក​អាត់ ធន់ គួរ​សម្តែង​មតិ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​ការទទួលខុសត្រូវ នាពេល​អនាគត ក្នុងនាម​ជា​អ្នកដឹកនាំ​សហជីព​មួយរូប​។​

​យ៉ាងណាក៏​ដោយ ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​វាយោ​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​អាត់ ធន់ បានទេ ដោយសារ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  GMAC

ព័ត៌មានផ្សេងទៀត