លោក​ត្រាំ​​និង​លោកពូ​ទីន​​ត្រៀម​ជួបគ្នា​​លើកដំបូង​​ក្រៅ​កិច្ចប្រជុំ​G20

05-07-2017 4:36 pm 724
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ(ឆ្វេង)​និងប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​រុស្សី​លោក​វ្លា​ឌី​មៀ ពូ​ទីន​នៅ​ថ្ងៃ​ទី​៧​កក្កដា ក្រៅ​កិច្ចប្រជុំ​ប្រជុំ​G20​នៅ​ទីក្រុង​Hamburg​ប្រទេស​អាល្លឺម៉ង់​។​ក្នុង​កិច្ចពិភាក្សា​នេះ​នឹង​មាន​បញ្ហា​ជាច្រើន​ត្រូវ​លើកយក​មក​ដោះស្រាយ ក្នុងនោះ​មាន​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ុ​យក្រែន កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​កិច្ចប្រឹងប្រែង​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។​

​សម្រាប់​លោក​ត្រាំ​បញ្ហា​ប្រឈម​ចម្បង​នោះ​គឺថា តើ​ត្រូវ​ធ្វើ​របៀប​ម៉េច​ដើម្បីឱ្យ​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​រុស្ស៊ី​កាន់តែ​ប្រសើរ​។​ក្នុង​យុទ្ឋនាការ​ឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំមុន លោក​ដូណាល់ ត្រាំ​និយាយ​ថា​សហរដ្ឋអាមេរិក​នឹង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​រមូ​ត​ជា​មួយ​លោកពូ​ទីន​ក៏ដូចជា​រុស្សី នៅ​ពេល​លោក​ក្លាយ​ជា​ប្រធានាធិបតី​។​ប៉ុន្ដែ​រហូត​មកដល់ពេលនេះ ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​ពុំទាន់​ល្អ​ប្រសើរ​ដូច​អ្វី​ដែល​ធ្លាប់​សន្យា​ទេ​។​

​អ្នក​ស៊ើបអង្កេត​អាមេរិក​បាន​និយាយថា លោកពូ​ទីន​គឺជា​អ្នក​ឃ្លាំមើល​រាល់​សកម្មភាព និង​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​ខ្លួន​មាន​ឥទ្ធិពល​ទៅលើល​ទ្ធ​ផល​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​។​តែ​ទាំង​លោក​ដូណាល់ ត្រាំ​ទាំង​រុស្ស៊ី​បាន​ច្រាន​ចោល​ការចោទប្រកាន់​។​

​លោក​Michael O'Hanlon អ្នក​ជំនាញ​របស់​រុស្ស៊ី​នៅ​វិទ្យាស្ថាន​Brookings​បាន​ថ្លែងថា​៖ «​លោក ត្រាំ ត្រូវ​ចេះ​សុភាពរាបសារ​ប៉ុន្តែ​រឹងមាំ​តែ​កុំ​រួសរាយ​ពេក​»​។​លោក​ក៏​បាន​បន្ថែមទៀតថា​៖«​ប្រសិន​បើ​លោក​ត្រាំ​ចង់​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​មែន លោក​ត្រូវ​បង្ហាញ​ពី​ការព្រួយបារម្ភ​លើ​រុស្ស៊ី​ជាមុនសិន​។​

​គួរ​រម្លឹក​ផងដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ការប៉ះទង្គិច​គ្នា​ដោយ​បញ្ហា​កើតឡើង​នៅ​ស៊ី​រី ដែល​ពេលនោះ​សហរដ្ឋអាមេរិក​គ្រប់គ្រង​ដោយ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​។​ការ​ថ្នាំងថ្នាក់​ចិត្ដ​នឹង​គ្នា​មួយ​ទៀត បន្ទាប់​ពី​អាមេរិក​បាញ់​មី​ស៊ី​ល​៥៩​គ្រាប់​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​កាលពី​ខែ​មេសា ព្រោះ​ក្រុង​វ៉ាស៊ីនតោន​ថា​វា​ជា​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ក្នុង​របប​លោក​អាសាដ​ប្រឆាំងនឹង​ជន​ស៊ីវិល​។​រុស្ស៊ី​ក៏បាន​ព្រមាន​អាមេរិក​យ៉ាង​ចាស់ដៃ​។​

​កិច្ចចរចារ​រវាង​មន្ដ្រីការទូត​ជាន់ខ្ពស់​របស់​អាមេរិក​និង​រុស្ស៊ី ដែល​ត្រូវ​ធ្វើឡើង​កាលពី​ខែ​មុន​ត្រូវ​បាន​លុប​ចោល​ដោយ​ក្រុង​ម៉ូស្គូ បន្ទាប់ពី​មាន​ការសម្រេចចិត្ត​ពី​ក្រុង​វ៉ាស៊ីនតោន ពង្រឹង​ការដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ក្រោម​ហេតុផល​រុស្ស៊ី​ជ្រៀតជ្រែក​ក្នុង​ប្រទេស​អ៊ុ​យក្រែន ព្រមទាំង​បាន​កាន់កាប់​នៅ​តំបន់​គ្រីមេ​រំលោភ​លើ​ច្បាប់​អន្ដរជាតិ​៕​អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

 ពាក្យគន្លឹះ  លោកត្រាំ-ពូទីន

ព័ត៌មានផ្សេងទៀត