ក្រុម​រដ្ឋ​អ៊ីស្លាម​​រង​សម្ពាធ​កាន់តែខ្លាំង​​ទាំង​នៅ​ស៊ី​រី​​និង​អ៊ីរ៉ាក់​

01-07-2017 2:39 pm 3142
កងទ័ពអ៊ីរ៉ាក់(ឆ្វេង)​ពេលចូលកាន់កាប់ក្រុងម៉ូស៊ួលនិងសមាជិកក្រុមឃឺដ(ស្ដាំ)ប្រយុទ្ធប្រឆាំងក្រុមISនៅស៊ីរី

​ក្រុម​រដ្ឋ​អ៊ីស្លាម​កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង ទាំង​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​នៅ​អ៊ីរ៉ាក់​កងទ័ព​រដ្ឋាភិបាល​គាំទ្រ​ដោយ​អាមេរិក វាយលុក​ដណ្ដើម​យក​ទីតាំង​ធំ​ក្រុម​នេះ​ស្ថិតក្នុង​ក្រុង​ម៉ូស៊ួ​លបាន​ហើយ​។​ទីក្រុង​ម៉ូស៊ួ​ល​ត្រូវ​ក្រុម​រដ្ឋ​អ៊ីស្លាម​កាន់កាប់​តាំងពី​ខែ​មិថុនា​ឆ្នាំ​២០១៤ ប៉ុន្ដែ​ពេល​នេះ​ត្រូវ​កងទ័ព​អ៊ីរ៉ាក់​គ្រប់គ្រង​បាន​ស្ទើរ​ទាំងស្រុង គឺ​គ្រប់គ្រង​ទីតាំង​សំខាន់ៗ​បាន​អស់ហើយ​។​

​នៅក្នុង​ប្រទេស​ស៊ី​រី ក្រុម​ជីវពល​ប្រឆាំង​ភេរវកម្ម​ក៏​បាន​សហការ​ជាមួយ​កងទ័ព​សម្ព័ន្ធមិត្ដ ស្ថិត​ក្រោម​ការគាំទ្រ​ពី​អាមេរិក​ដែរ បណ្ដេញ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញពី​ក្រុង​រ៉ា​ខា​(Raqqa)​។​ក្រុង​រ៉ា​ខា​ជាទី​តាំង​ធំ​មួយ​ទៀត​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។​ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​ជំរំ​រឹងមាំ​របស់​ពួកគេ​មិន​ថា​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ក្រោយ​ប្រកាស​ខ្លួន​ជា​រដ្ឋ​អ៊ីស្លាម​ឯករាជ្យ​ជាង​៣​ឆ្នាំ​។​

​យ៉ាងណាក៏ដោយ អ្នក​ប្រយុទ្ធ​ក្រុម​នេះ​នៅតែ​តតាំង​ជាមួយ​កងទ័ព​ស៊ី​រី​និង​អ៊ីរ៉ាក់​នៅឡើយ ដ្បិត​ពួកគេ​នៅ​កាន់កាប់​បាន​ទីតាំង​តូចៗ​មួយចំនួនទៀត​។​កងទ័ព​ស៊ី​រី​និង​អ៊ីរ៉ាក់​កំពុង​បន្ដ​យុទ្ធនាការ​បណ្ដេញ​ក្រុម​រដ្ឋ​អ៊ីស្លាម ដណ្ដើម​យក​ទឹកដី​បាត់បង់​មកវិញ​៕

 ពាក្យគន្លឹះ  ក្រុមរដ្ឋអ៊ីស្លាម

ព័ត៌មានផ្សេងទៀត