ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ប្រទេសចិនពិតជាជំទាស់ដាច់ខាតដែលអាមេរិកលក់អាវុធទៅឲ្យតៃវ៉ាន់។អ្នកនាំពាក្យស្ថានទូតបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៩មិថុនា ក្នុងសេចក្ដីថ្លែងការណ៍និយាយថា អាមេរិកបានសម្រេចចិត្ដខុស។ការសម្រេចរបស់អាមេរិក ក៏រំលោភលើគោលការណ៍ស្នូលរវាងប្រទេសទាំងពីរ ព្រមទាំងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។
សេចក្ដីថ្លែងការណ៍បន្ថែមថា អាមេរិកធ្វើបែបនេះពិតជាប្រឆាំងនឹងកិច្ចព្រមព្រៀងសម្រេចបានរវាងប្រធានាធិបតីអាមេរិកជាមួយចិន ក្នុងកិច្ចប្រជុំកាលពីខែមេសា ហើយនឹងបំផ្លាញដល់ការជឿទុកចិត្ដ បំផ្លាញកិច្ចសហការផងដែរ។ដូច្នេះចិនសូមជំរុញឲ្យអាមេរិកត្រូវផ្អាកជាបន្ទាន់ ផែនការសម្រេចលក់អាវុធឲ្យតៃវ៉ាន់នេះ។ចិនក៏មានសិទ្ធិក្នុងការចាត់វិធានការបានដែរ។
សូមបញ្ជាក់ថា តាមការបញ្ជាក់ពីមន្ដ្រីរដ្ឋាភិបាលលោកដូណាល់ ត្រាំ អាមេរិកបានព្រមព្រៀងលក់អាវុធឲ្យកោះតៃវ៉ាន់ មានតម្លៃ១.៣ពាន់លានដុល្លារអាមេរិក។ការសម្រេចចិត្ដរបស់រដ្ឋបាលលោកត្រាំបែបនេះ ធ្វើតាមសំណូមពររបស់តៃវ៉ាន់ ដែលចង់បានសព្វាវុធសម្រាប់ការពារសន្ដិសុខ សុវត្ថិភាពនៅលើកោះប៉ុណ្ណោះ មិនបានរំលោភលើគោលនយោបាយចិនតែមួយរបស់ក្រុងប៉េកាំងទេ។អាមេរិកបានលក់អាវុធជាលើកចុងក្រោយទៅឲ្យតៃវ៉ាន់កាលពីខែធ្នូឆ្នាំ២០១៥។
ជាការកត់សម្គាល់ កន្លងមកលោកត្រាំធ្លាប់ធ្វើឲ្យចិនថ្នាំងថ្នាក់ចិត្ដម្ដងរួចមកហើយ ដោយសារតែប្រកាសរឹតចំណងមិត្ដភាពជាមួយតៃវ៉ាន់។ចិនចោទលោកត្រាំមើលរំលងគោលនយោបាយចិនតែមួយរបស់ក្រុងប៉េកាំង ដែលរាល់ការរឹតចំណងមិត្ដភាពត្រូវធ្វើជាមួយក្រុងប៉េកាំង មិនមែនជាមួយតៃវ៉ាន់ទេ ព្រោះតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន៕