រយៈពេលបីឆ្នាំបានកន្លងផុតទៅ បើគិតតាំងពីក្រុមរដ្ឋអ៊ីស្លាមបានប្រកាសខ្លួនជារដ្ឋឯករាជ្យក្នុងតំបន់ពួកគេកាន់កាប់បាននៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់។ក្រុមនេះបានប្រកាសផ្ដាច់ខ្លួនជារដ្ឋអ៊ីស្លាមបន្ទាប់ពីវាយលុកដណ្ដើមបានទីក្រុងម៉ូស៊ួល ជាទីក្រុងធំទីពីរក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៩មិថុនាឆ្នាំ២០១៤។ក្រុមរដ្ឋអ៊ីស្លាមបានឆ្លៀតឱកាសពេលមានជម្លោះនិកាយ និងការយល់ច្រឡំបង្កើតជាវិវាទនៅស៊ីរីនិងអ៊ីរ៉ាក់ដើម្បីពង្រីកឥទ្ធិពល។
យ៉ាងណាមិញដែនដីឈ្លានពានបានទាំងនៅស៊ីរីនិងអ៊ីរ៉ាក់ មិនគង់វង្សយូរអង្វែងឡើយ។នៅអ៊ីរ៉ាក់កងទ័ពបានធ្វើប្រតិបត្ដិការវាយលុកដណ្ដើមយកក្រុងម៉ូស៊ួល ឈានដល់ដំណាក់កាលចុងក្រោយ និងគ្រប់គ្រងបានស្ទើរទាំងស្រុង។កងទ័ពអ៊ីរ៉ាក់បញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធពេលនេះកំពុងស្ថិតក្នុងតំបន់មានទំហំប្រមាណមួយគីឡូម៉ែត្រការ៉េប៉ុណ្ណោះ។
ចំណែកនៅក្នុងប្រទេសស៊ីរី អាមេរិកបានគាំទ្រដល់ក្រុមអ្នកប្រយុទ្ធឃឺដ ធ្វើប្រតិបត្ដិការដណ្ដើមយកទីក្រុងRaqqa ជាទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាមមកវិញ។កងទ័ពបានសហការជាមួយកងកម្លាំងចម្រុះផ្សេងទៀត ដណ្ដើមយកបានទឹកដីពាក់កណ្ដាលវិញហើយ។ពេលនេះបញ្ហាប្រឈមគឺការសាបព្រោះមនោគមវិជ្ជារបស់ក្រុមរដ្ឋអ៊ីស្លាម។ដូច្នេះសហគមន៍អន្ដរជាតិត្រូវមានកាតព្វកិច្ចលុបបំបាត់ការបង្រៀនពីគំនិតជ្រុលនិយម។
ដោយសារតែភាពជ្រុលនិយម ក្រុមរដ្ឋអ៊ីស្លាមអាចបញ្ជាមនុស្សឲ្យធ្វើសកម្មនៅកន្លែងផ្សេងៗគ្នា។តំបន់មជ្ឈិមបូព៌ា តំបន់អឺរ៉ុប និងតំបន់អាស៊ី បានក្លាយជាតំបន់រងគ្រោះព្រោះតែអំពើភេរវកម្ម ស្ថិតក្រោមការអំពាវនាវនិងបង្គាប់បញ្ជាពីក្រុមរដ្ឋអ៊ីស្លាម៕