លើក​​ពេល​​ប្រកាស​​សាល​ដីកា​​រឿង​​លោក​​គឹម​ សុខ​ ស្នើ​​ឲ្យ​​លោក​​ហ៊ុន សែន​​មក​​តទល់​​ក្ដី​​

28-06-2017 11:52 am 4803

​បណ្ដឹង​សាទុក្ខ របស់​លោក​គឹម សុខ ដែល​ស្នើ​សុំ​ឲ្យ​តុលាការ​កោះហៅ​ដើមបណ្ដឹង គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មក​តទល់​ក្ដី​ជាមួយ​ខ្លួន ត្រូវបាន​តុលាការ​កំពូល លើក​ពេល​ប្រកាស​សាលដីកា នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៧​។ 

​តុលាការ​កំពូល បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សាទុក្ខ របស់​លោក​គឹម សុខ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ដែល​ស្នើ​ឲ្យ​ដើ​មបណ្ដឹង​មក​តតាំង​ក្ដី​ជាមួយ​ខ្លួន បន្ទាប់​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធណ៍ បដិសេធ​កន្លងមក​។ ក្រោយពី​បាន​បើកសវនាការ តុលាការ​កំពូល បាន​សម្រេច​លើ​ក​ពេល​ប្រកាស​សាលដីកា លើ​បណ្ដឹង​ទុក្ខ របស់​លោក​គឹម សុខ ដែល​ស្នើ​ឲ្យ​ដើ​មបណ្ដឹង​មក​តតាំង​ក្ដី​ជាមួយ នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ខាង​មុខ​វិញ​។​

​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​គឹម សុខ គឺ​លោក​ជួង ជូ​ងី បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពី​សវនាការ​បញ្ចប់ ថា តំណាង​មេធាវី​ដើមបណ្ដឹង បាន​អះអាង​នៅ​តុលាការ​ថា គាត់​ទទួល​សិទ្ធិ​ជា​តំណាង​មេធាវីឲ្យ​ដើមបណ្ដឹង​វា​គ្រប់គ្រាន់​ហើយ មិន​បាច់​មាន​ដើមបណ្ដឹង​មក​តទល់​ជាមួយ​លោក​គឹម សុខ​ទេ​។ ជាមួយគ្នានេះ តំណាង​មហាអយ្យការ ក៏បាន​លើកឡើង​ថា ការកោះហៅ​ឲ្យ​ដើម​បណ្ដឹងចូល​មក​តទល់​ជាមួយ​លោក​គឹម សុខ គឺ​អត់​ត្រឹមត្រូវ​នោះ​ទេ​។ ប៉ុន្តែ​លោក​គឹម សុខ និង​មេធាវី​ការពារ​ក្ដី​លោក​ជួង ជូ​ងី ថា​ការកោះហៅ​ឲ្យ​ដើមបណ្ដឹង​មក​តទល់ គឺជា​ការត្រឹមត្រូវ​………………

​សំឡេង​៖

​លោក​មេធាវី​ជួង ជូ​ងី បាន​គូសបញ្ជាក់​ផងដែរ​ថា ការច្រានចោល​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដែល​មិន​ព្រម​កោះហៅ​ដើមបណ្ដឹង​មក​តទល់​ជា​ចុង​ចម្លើយ​នៅ​តុលាការ​កន្លងមក គឺ​ការសម្រេច​បែប​នេះ មិន​បាន​ផ្ដល់​ភាពយុត្តិធម៌ និង​តម្លាភាព ឬក៏​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ទេ​។ ដូច្នេះ​លោក និង​កូនក្ដី​របស់​លោក មិន​អាច​មានសង្ឃឹម​ទទួល​បាន​ភាព​យុតិ្ត​ធម៌​ទេ ដរាបណា​តុលាការ​មិន​កោះហៅ​ដើមបណ្ដឹង​មក​តទល់​។​

​សូមបញ្ជាក់​ថា លោក​គឹម សុខ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​ចំនួន ២​ករណី គឺ​ករណី​ទី​១ ពីបទ «​បរិហាកេរ្កិ៍​ជា​សាធារណៈ​» និង​ករណី​ទី​២ បទ «​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​» ដែល​ប្ដឹង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ចោទ​ថា លោក​គឹម សុខ បាន​អត្ថាធិប្បាយ​តាម​វិទ្យុ​អាស៊ីសេរី​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​សម្លាប់​លោក កែម ឡី​៕

​ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  លោកគឹម សុខ

ព័ត៌មានផ្សេងទៀត