៥​ខែ​ឆ្នាំ​២០១៧​ទុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​ជាង​៤​ពាន់​លាន​ដុល្លារ

27-06-2017 4:02 pm 1405

​គិត​ត្រឹម​រយៈពេល​៥​ខែ​ឆ្នាំ​២០១៧ ទុនវិនិយោគ​លើ​វិស័យ​សំណង់ និង​លំនៅដ្ឋាន នៅ​កម្ពុជា មាន​ចំនួន​៤,៣៦២ លាន​ដុល្លារ​អាមេរិក កើនឡើង​២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៦ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ បាន​ជាង​២០​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ​។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅក្នុង​ពិធី​បើក​វេទិកា លំនៅដ្ឋាន​ថ្នាក់ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា​។​ ​លោក​ជា សុផារ៉ា មានប្រសាសន៍ថា តាម​ការសិក្សា ប្រជាជន​រស់នៅ​រាជធានី ទីក្រុង និង​ទីប្រជុំជន នឹង​បន្ត​កើនឡើង ជិត​៨​លាន​នាក់ ខណៈ​នៅ​ឆ្នាំ​២០១៤ មាន​ត្រឹមតែ​៤.៥​លាន​នាក់​ប៉ុណ្ណោះ​។

ក្នុង​រយៈពេល​១៥​ឆ្នាំ (២០១៥-២០៣០) តម្រូវការ​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ទាំងនោះ មាន​ប្រមាណ​៨០​ម៉ឺន​លំនៅដ្ឋាន ដោយ​គិត​ជា​មធ្យម តម្រូវការ​ប្រមាណ​៥​ម៉ឺន​លំនៅដ្ឋាន ក្នុង​មួយ​ឆ្នាំ​។​
​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ក្រសួង​ដែនដី បានបញ្ជាក់​ថា ក្រសួង​បាន​នឹង​កំពុង​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ការរៀបចំ​ដែនដី ដើម្បី​ជម្រុញ និង​គ្រាំទ្រ​ដល់​ការអភិវឌ្ឍ​លំនៅ ដ្ឋា​ន​គ្រប់​ប្រភេទ ជាពិសេស​លំនៅដ្ឋាន ដែល​មាន​តម្លៃ​សមរម្យ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់​ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌​។​

​តាម​របាយការណ៍ របស់​ក្រសួង​ដែនដី បានបញ្ជាក់​ថា សំណង់​នៅ​ទូទាំង​ប្រទេស គិត​ចាប់តាំងពី​ឆ្នាំ​២០០០ ដល់​ខែ​ធ្នូ ឆ​នាំ​២០១៦ ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​សាងសង់ ចំនួន​៣៦.៨៥២​គម្រោង លើ​ផ្ទៃក្រឡា​ជិត​៩៤​លាន​ម៉ែត្រការ៉េ ក្នុង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ជាង​៣​ម៉ឺន​លាន​ដុល្លារ​អាមេរិក​។​ ដោយឡែក ចាប់ពី​ឆ្នាំ​២០០៥ ដល់ ០៤​ខែ ឆ្នាំ​២០១៧ កម្ពុជា​មាន​សំណង់​អគារ​ខ្ពស់ៗ ចាប់ពី​កម្ពស់​៥​ជាន់​ឡើងទៅ ចំនួន​៩០១​អគារ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  វិស័យសំណង់

ព័ត៌មានផ្សេងទៀត