ប៉ូលិស​ឥណ្ឌូនេស៊ី​​រកឃើញ​សៀវភៅ​​ឃោសនា​​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​​ជា​ច្រើន​ក្បាល​

27-06-2017 9:27 am 1016
ប៉ូលិសឥណ្ឌូនេស៊ីពេលធ្វើប្រតិបត្ដិការ

​ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​រកឃើញ​សៀវភៅ​ជា​ច្រើន​ក្បាល ក្នុង​សៀវភៅ​មាន​សរសេរ​ពាក្យ​ឃោសនា​មនោគមន៍វិជ្ជា​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ផង មាន​គោលដៅ​ផ្សព្វផ្សាយ​ដល់​ក្មេងៗ​។​សៀវភៅ​ទាំងនោះ​រកឃើញ​ក្នុងផ្ទះ​បុរស​ជា​ជនសង្ស័យ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ពី​បទ​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​ប្រើ​កាំបិត​លើ​មន្ដ្រីប៉ូលិស​។​ជនសង្ស័យ​ម្នាក់​ទៀត​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ពេល​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន នៅ​ទីស្នាក់ការ​ប៉ូលិស​ក្នុង​ក្រុង​Medan​ស្ថិត​នៅ​ខេត្ដ​North Sumatra​។​

​ស្ដ្រី​ជា​ប្រពន្ធ​ជនសង្ស័យ​បាន​ប្រាប់​ដល់​មន្ដ្រី​ប៉ូលិស​ថា ប្ដី​របស់​អ្នកស្រី​បាន​ទៅ​ស៊ី​រី​៦​ខែ​កាលពី​ឆ្នាំ​២០១៣​។​ប៉ូលិស​ជឿជាក់​ក្រុម​ចាក់​សម្លាប់​ប៉ូលិស​ម្នាក់​ថ្មីៗ​នេះ ជា​សមាជិក​ក្រុម​Jemaah Ansharut Daulah (JAD) ជា​អង្គការ​ឆត្រ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្រសួង​ការបរទេស​អាមេរិក ហើយ​ពួកគេ​ជា​អ្នកគាំទ្រ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​ពួកគេ​មាន​ជនជាតិ​ឥណ្ឌូនេស៊ី​ដើរ​តាម​រាប់រយ​នាក់​ទៀត​។​

​នៅក្នុង​សៀវភៅ​ដែល​បោះពុម្ព​សម្រាប់​ចែកចាយ​ដល់​ក្មេងៗ សរសេរ​ជា​ភាសា​ឥណ្ឌូនេស៊ី មាន​រូបភាព និង​សារ​គាំទ្រ​ការស្លាប់​ដើម្បី​ក្រុម​ជី​ហាដ បូជាជីវិត​សម្រាប់​ព្រះ​។​នេះ​ជា​ក្ដីបារម្ភ​បន្ថែម​សម្រាប់​ឥណ្ឌូនេស៊ី នៃ​ការកើនឡើង​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​ប្រទេស​មាន​ជន​មូស្លីម​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។​

​សូមបញ្ជាក់​ថា ឥណ្ឌូនេស៊ី​តែងតែ​រងគ្រោះ​ដោយ​ការវាយប្រហារ​ជា​ញឹកញាប់ ប៉ុន្ដែ​មាន​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ​។​អ្នក​ស្មោះស្ម័គ្រ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​ជា​អ្នកធ្វើ​សកម្មភាព ហើយ​រដ្ឋាភិបាល​កំពុង​បារម្ភ​ពី​ការ​ត្រឡប់មកវិញ​នូវ​ជនជាតិ​ឥណ្ឌូនេស៊ី​រាប់រយ​នាក់ បាន​ទៅ​ចុះចូល​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​។​បើ​ក្រុម​នោះ​ត្រឡប់​មក ឥណ្ឌូនេស៊ី​នឹង​រងគ្រោះ​កាន់តែខ្លាំង ការវាយប្រហារ​ក៏​មិនមែន​ទ្រង់ទ្រាយ​តូច​ដូច​មុន​ដែរ​៕

 ពាក្យគន្លឹះ  ឥណ្ឌូនេស៊ី

ព័ត៌មានផ្សេងទៀត