រដ្ឋសភា​បង្ហាញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម និង​ឡាវ​

26-06-2017 5:03 pm 1386

​បន្ទាប់ពី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ដឹកនាំ​ដោយ​លោក​ហេង សំរិន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ រួចមក នៅ​ថ្ងៃ​ទី​២៦ មិថុនា​នេះ រដ្ឋសភា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។

​សេចក្តីប្រកាស បានឲ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ភាគី​ទាំង​២ បាន​ឯកភាពគ្នា ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង រវាង​សភា​ទាំង​២ ដោយ​ស្នើ​ឲ្យធ្វើ​វិសោធនកម្ម​អនុស្សារ​ណៈ នៃ​កិច្ចព្រមព្រាង​រវាង​រដ្ឋ​សភា​ទាំង​២ ដោយ​បន្ថែម​នូវ​ចំណុច​មួយចំនួន​ដូចជា​៖ ស្នើ​រដ្ឋសភា​ទាំង​២ ជម្រុញ​ការអនុវត្ត​កិច្ចព្រមព្រាង ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា ដើម្បីឲ្យ​ទទួលលទ្ធផល​បានឆា​ប់រ​ហ័ស​។ ស្នើ​គួរឲ្យ​មាន​ការផ្លាស់ប្តូ​រ​ទស្សន​កិច្ច នៃ​គណៈប្រតិភូ​គ្រប់​ថ្នាក់ ឲ្យបាន​ញឹកញាប់ ដើម្បី​ផ្លាស់ប្តូរ​ការពិសោធន៍ និង​ពង្រឹង​មិត្តភាព សាមគ្គីភាព រវាង​រដ្ឋសភា​ប្រទេស​ទាំង​២​។ ទន្ទឹមនឹងនេះ ភាគី​ឡាវ ក៏​បាន​សម្តែង​ចេតនា ចង់ឲ្យ​កម្ពុជា ជម្រុញ ការអនុវត្ត​កិច្ចព្រមព្រាង​កម្ពុជា​-​ឡាវ ដូចជា​ការបោះបង្គោល​ព្រំ​ដែន ដែល​បច្ចុប្បន្ន​បាន​៨៧%​ហើយ និង​ការបើក​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា ឡាវ នៅ​ត្រពាំង​គ្រៀល​។​

​ដោយឡែក សម្រាប់​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​វៀតណាម​វិញ ជា​លទ្ធផល វៀតណាម បានស្នើ​សភា​កម្ពុជា ជួយ​ជម្រុញ ការអនុវត្ត​កិច្ចព្រមព្រាង​រវាង​ប្រទេស​ទាំង​២ លើ​ការបោះបង្គោល​ព្រំដែន ឲ្យបាន​រួចរាល់​។ ចំណែក​កន្លែង​ណា ដែល​មិន​ទាន់​ឯកភាពគ្នា ត្រូវ​ចរចា ដើម្បី​បោះបង្គោល​ព្រំដែន​បញ្ចប់ ក្នុង​ពេល​ឆាប់ៗ​។ ភាគី​វៀតណាម ក៏​បាន​ស្នើ​ឲ្យ​ចាត់វិធានការ សន្តិសុខ​តាម​ព្រំដែន ឲ្យបាន​ហ្មត់ចត់ បង្ក្រាប​អំពើ​រត់ពន្ធ ឧក្រិដ្ឋកម្ម​ឆ្លងដែរន និង​ស្នើ​កម្ពុជា កុំឲ្យ​ក្រុម​អមិត្ត ឬ​អ្នក​ទី​៣ ប្រើប្រាស់​ទឹកដី នៃ​ប្រទេស​កម្ពុជា ប្រឆាំង​នឹង​វៀតណាម​។​

​សូមបញ្ជាក់​ថា លោក​ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ ធ្វើ​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២១ រហូត​ដល់​ថ្ងៃ​ទី​២៦ មិថុនា​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស កម្ពុជា​-​ឡាវ និង​វៀតណាម ឲ្យ​កាន់តែ​រឹងមាំ ឡើង​ថែម​ទៀត ជាពិសេស​ការពង្រឹង​ពង្រីក កិច្ចសហប្រតិបត្តិការ នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ ប្រទេស​ទាំង​២៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  កម្ពុជា វៀតណាម ឡាវ

ព័ត៌មានផ្សេងទៀត