លោក សុខ ឥសាន ថា CPP មិន​មាន​គម្រោង​ដាក់​ថ្ងៃទី​០៤ មិថុនា ជា​ថ្ងៃ​បុណ្យ​ជាតិ​ទេ​

26-06-2017 3:12 pm 4064
លោក សុខ ឥសាន ផ្តល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុកកន្លងមក ។ រូបថតពី dap ។

​ក្រោយ​មាន​ការបើកផ្លូវ​ឱ្យ​សមាគម​ខ្មែរក្រោម​យក​ញត្តិ​ស្នើ​ដាក់​បញ្ចូល​ថ្ងៃ​០៤ មិថុនា ជា​ថ្ងៃ​បុណ្យ​ជាតិ​ដើម្បី​រំឭក​ដល់​ការបាត់បង់​ដី​កម្ពុជា​ក្រោម ញត្តិ​នោះ​បាន​ធ្លាក់​ដល់ដៃ​មន្ត្រី​រដ្ឋសភា​ហើយ ដោយ​សន្យាថា​នឹង​យកទៅ​ដាក់​ជូន​ប្រធាន​រដ្ឋសភា​ដើម្បី​ពិនិត្យ ។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា គណបក្ស​ប្រជាជន​មិន​មាន​គម្រោង​ដាក់បញ្ចូល​ថ្ងៃទី​០៤ មិថុនា ១៩៤៩ ជា​ទិវា​បុណ្យជាតិ ដើម្បី​រំឭក​ខួប​នៃ​ការបាត់បង់​ដី​ខ្មែរក្រោម​ទេ​…
​សំឡេង លោក សុខ ឥសាន ៖

​លោក​ថា រយៈពេល​៦៨​ឆ្នាំ​ដែល​កម្ពុជា​បាន​បាត់បង់​សិទ្ធិ​គ្រប់គ្រង​ដែនដី​ខ្មែរក្រោម ទៅ​វៀតណាម​នេះ មាន​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​៧០​រាជរដ្ឋាភិបាល ហើយ​មិន​មាន​រាជរដ្ឋាភិបាល​ណា​មួយ​មាន​ចេទនា​ចង់​ដាក់​ថ្ងៃ​ទី​៤ មិថុនា ជា​ថ្ងៃ​ទិវា​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នោះទេ ។​

​គាត់​បន្ត​ថា មិនគួរ​ដាក់បន្ទុក​ម​កលើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សព្វ​ថ្ងៃ​នោះ​ទេ ព្រោះ​លោក​នាយករដ្ឋមន្ត្រី​កើត​ក្រោយ​ឆ្នាំ​១៩៤៩​ប៉ុណ្ណោះ​…
​សំឡេង លោក សុខ ឥសាន ៖

​ទោះយ៉ាងណា​ក៏ដោយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បាន​សម្តែង​ការគាំទ្រ​ឱ្យ​ដាក់​បញ្ចូល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩ ជា​ថ្ងៃ​បុណ្យ​ជាតិ​ដូចគ្នា ដោយ​បាន​លើកឡើង​ស្រដៀង​គ្នា​ថា ដើម្បី​រំឭក​ពី​ការបាត់បង់​ដី​កម្ពុជា​ក្រោម​ដល់​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ត្រូវតែ​ដឹង​ពី​រឿង​ហ្នឹង ព្រោះ​ដី​កម្ពុជា​ក្រោម​ជា​អតីត​ដី​របស់​ខ្មែរ ។​

​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ពី​បាន​គាំទ្រ​ការដាក់បញ្ចូល​នេះ ក៏​បាន​អះអាង​សន្យាថា​នឹង​ទាមទារ​ដី​កម្ពុជា​ក្រោម​មក​វិញ​ដែរបើសិនជាបក្សខ្លួនឈ្នះឆ្នោត កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា នៅ​វត្ត​ចាស់ ក្នុង​កម្មវិធី​រំឭក​ខួប​នៃ​ការបាត់បង់​ដី​ខ្មែរក្រោម ។ មន្ត្រី​គណបក្ស​ជំទាស់ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ អះអាង​ក្នុង​កម្មវិធី​នោះ​ថា «​ទឹកដី​កម្ពុជា​ក្រោម គឺជា​ទឹកដី​របស់​ខ្មែរ ដូច្នេះ​យើង​ត្រូវតែ​រួបរួម​គ្នា​ពួតដៃគ្នា​រំដោះទឹកដី​កម្ពុជា ហើយ​យកមក​ភ្ជាប់​ជាមួយ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​ឡើងវិញ ។ ខ្ញុំ​ប្ដេជ្ញាចិត្ត ហើយ​នឹង​តស៊ូ​មតិ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ »៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  CPP-ខួបខ្មែរក្រោម

ព័ត៌មានផ្សេងទៀត