បញ្ហា​សំរាម​​នៅតែ​ជា​ក្តីកង្វល់​​ដ៏​រ៉ាំរ៉ៃ​​នៅ​​ទី​ក្រុង​​​សៀមរាប​​

25-06-2017 11:47 am 2967

​អាជ្ញាធរ​ក្រុង​សៀមរាប អះអាងថា ទោះបី​កន្លងមក អាជ្ញាធរខេត្ត ក្រុង បាន​ខិតខំ​ធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន និង​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ប្រជា​ពលរដ្ឋយ​ល់​ដឹង​ពី​បញ្ហា​សំរាម និង​ជំរុញ​ឲ្យមាន​ការចូល​រួម សម្អាត​​ឲ្យបាន​ជាប្រចាំ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​នៅឡើយ​។​

​លោក​សូ ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋាភិបាល​ស្រង់​សម្តី ចុះផ្សាយ​នាពេល​ថ្មីៗ​នេះ​ថា ប្រជា​ពល​រដ្ឋ​​មួយចំនួន​នៅតែ​បោះចោល​សំរាម​តាម​ទីសាធារណៈ ពាស​វាល​​ពាសកាល​ដោយ​មិន​បាន​វេច​ខ្ចប់​ឲ្យបាន​ត្រឹមត្រូវ​​យក​ទៅ​ដាក់​​ក្នុ​ង​ធុងសំរាម​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​នោះទេ​។​

​ជុំវិញ​បញ្ហា​នេះ លោក​បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ យុវជន​ទាំង​អស់​ចូលរួម​ការពារ​បរិស្ថាន និង​សម្អាត​អនាម័យ​បរិស្ថាន​នៅក្នុង​ក្រុង​សៀមរាប​ឲ្យបាន​សកម្ម​ថែមទៀត ដើម្បី​ធ្វើឲ្យ​ទីក្រុង​សៀមរាប​មាន​​សោភ័ណភា​ព​ស្អាត​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​បាន​។​

​គួរកត់សម្គាល់​ថា កន្លង​មក​ក្រុង​សៀមរាប​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​ជា​ទីក្រុង​ស្អាត​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​របស់​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ ទីក្រុង​ដែល​គេ​តែង​ស្គាល់​ថា ជា​តំបន់​មាន​រមណីយ​ដ្ឋាន​ដ៏​សំបូរបែប​នោះ នៅតែ​រង​ការរិះគន់​ចំៗ​ពី​បញ្ហា​សំរាម ដោយសារ​គេ​សង្កេតឃើញថា សំរាម​ដែល​នៅសល់​ត្រូវបាន​ប្រជាពលរដ្ឋ​យកទៅ​បោះចោល​តាម​ដងផ្លូវ ប្រឡាយទឹក ឬ​ដុត ដែល​កំពុង​ធ្វើឲ្យ​មាន​ហានិភ័យ​ដល់​បរិស្ថាន សុខភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា យោងតាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុង​ក្រុង​សៀមរាប ក្នុង​មួយ​ថ្ងៃៗ​មាន​សំរាម​កើតឡើង​ប្រមាណ​ជា​៣០០​តោន ទៅ​៣៥០​តោន ហើយ​សំរាម​​ទាំងនោះ ក្រុមហ៊ុន​ប្រមូល​សំរាម ប្រមូល និង​ដឹកជញ្ជូន​ចេញ​បាន តែ​៦០ ទៅ​៧០​ភាគរយ​ប៉ុនណ្ណោះ​៕

 ពាក្យគន្លឹះ  សំរាម

ព័ត៌មានផ្សេងទៀត