បញ្ហា​សំរាម​​ក្នុង​ទីក្រុង​​នៅតែ​ជា​ក្តី​កង្វល់​​ដែល​មិន​ទាន់​​រំដោះ​​បាន​​ទាំង​ស្រុង​​

21-06-2017 4:14 pm 3014

​កាល​ពី​ម្សិលមិញ អនាគត​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី លោក​ឃួន ស្រេង បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការគ្រប់គ្រង​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ជាមួយ​បណ្ដាញ​ខណ្ឌ​ទាំង​១២ និង​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិន ទ្រី​។

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ម៉េត មាស​ភក្តី ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២១​មិថុនា​នេះ​ថា កិច្ចប្រជុំ​នេះ ដើម្បី​ស្វែងយល់​ពី​ផល​លំបាក ចំណុច​ខ្វះខាត​ទាំងឡាយ និង​ពង្រឹង​វិធានការ​បន្ថែម​ទៀត ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​សំរាម ព្រមទាំង​បង្កើន​ការប្រមូល​សំរាម​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។ លោក​បញ្ជាក់ថា ដោយសារ​តែ​បញ្ហា​សំរាម​នៅ​មិន​ទាន់​ដោះស្រាយ​បាន​ទាំង​ស្រុង ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​
​សំឡេង​លោក​ម៉េត មាស​ភក្តី​៖

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ អះអាងថា អាជ្ញាធរ​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​បញ្ហា​សំរាម​នៅ​ទីក្រុង​ត្រូ​វ​បាន​កាត់បន្ថយ ឬ​លុបបំបាត់បាន​ទាំងស្រុង​។

​ជុំវិញ​បញ្ហា​សំរាម​នេះ កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ តែង​បាន​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ស៊ិន ទ្រី និង​បណ្តា​ខណ្ឌ​ក្នុង​រាជធានី ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅលើ​ការអនុវត្ត​នូវ​យន្តការ​តម្រង់​ទិស​ឲ្យ​កិច្ច​ការងារ​សម្អាត​ប្រមូល​សម្រាម​ក្នុង​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ទទួលខុសត្រូវ​ចំពោះមុខ​ប្រជាពលរដ្ឋ​។

​គួរកត់សម្គាល់​ថា បន្ទាប់ពី​បាន​អនុវត្ត​ការងារ​នេះ រយៈពេល​កន្លងមក អាជ្ញាធរ​រាជធានី អះអាងថា បញ្ហា​សំរាម​បាន​កាត់បន្ថយ​គួរឲ្យកត់សម្គាល់ ប៉ុន្តែ ក៏​ទទួលស្គាល់​ថា​នៅ​មាន​បញ្ហា​ខ្លះៗ ដែល​នៅ​សេសសល់​ត្រូវតែ​ដោះស្រាយ​។ ដោយ​មើលឃើញ​ថា បញ្ហា​សំរាម​នៅតែ​ជា​ក្តីកង្វល់ និង​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្មុគស្មាញ ដូច្នេះ មានតែ​ការចូលរួម​ពី​គ្រប់ៗ​គ្នា​ទេ ទើប​អាច​លុបបំបាត់​បញ្ហា​សំរាម​ក្នុង​រាជធានី​​ភ្នំពេញ​បាន​៕

 ពាក្យគន្លឹះ  សំរាម

ព័ត៌មានផ្សេងទៀត