ក្រុម​ហ៊ុន​​ចិន​​ប្រ​មាណ​​ជា​​៨០០​​នឹង​​មក​​តាំង​ពិព័រ​ណ៍​​ផលិត​ផល​​កសិកម្ម​​នៅ​​កម្ពុជា​​៣​ថ្ងៃ​​

21-06-2017 10:31 am 1112

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ពិព័រណ៍​ផលិតផល​កសិកម្ម​អន្តរជាតិ​ជា​លើក​ទី​១ នឹង​ធ្វើ​ទ្បើង​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ នៅ​កោះ​ពេជ្រ ដែល​សហការ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​អន្តរជាតិ សម្រាប់​ការគាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៃ​ប្រទេស​ចិន ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជាច្រើន នឹងចូលរួម​ព្រឹតិ្តការ​ណ៍​នេះ ដើម្បី​ស្វែងរក​ឱកាស​ចាប់​ដៃគូ កែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​។​

​ជាមួយគ្នានេះ ក្នុងឱកាស​ស​ន្និសិទ​សារព័ត៌មាន​មុន​ព្រឹត្តិការណ៍​ពិព័រណ៍ តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ពៅ ប៊ុន​រិទ្ធ បាន​អះអាង​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​អញ្ជើញ​សមាជិក​របស់​ខ្លួន​ជាច្រើន ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ផងដែរ ជាពិសេស​នោះ មន្ត្រី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ធ្វើ​បទ​បង្ហាញ​ពី​សក្តានុពល​អាជីវកម្ម​អង្ករ​នៅ​កម្ពុជា ក្នុងន័យ​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​ទៀត​ដើម្បី​បង្កើន​ការនាំចេញ​។​

​នៅក្នុង​សន្និសីទ​សារពត៌មាន​នោះដែរ អ្នកស្រី Lau Bridget ប្រធាន​សហព័ន្ធ​អន្ដរជាតិ សម្រាប់​ការគាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម មានប្រសាសន៍ថា ក្រុមហ៊ុន​ចិន​ប្រមាណ​ជា ៨០០​ក្រុមហ៊ុន មក​ពី​ជាង ៣០​ខេត្ត នៃ​ប្រទេស​ចិន នឹង​មក​ធ្វើ​ការតាំងពិព័រណ៍​ផលិតផល ពិសេស​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ហើយ​វិនិយោគិន​ទាំងនោះ នឹង​មាន​បំណង​មក​ធ្វើ​រោងចក្រ​នៅ​កម្ពុជា ដើម្បី​កែច្នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា ដែល​ជា​ប្រទេស​មួយ​មាន​សក្តានុពល​ផ្នែក​សិកម្ម​។​

​លោក ឧកញ៉ា​លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការរក​ទីផ្សារ ដោយសារតែ​ប្រទេស​ចិន ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ច្រើន និង​មាន​តម្រូវកា​ររ​ផលិតផល​កសិកម្ម​ច្រើន​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​ផង និង នាំចេញ​បន្ត​ផង​៕

​ដោយ​៖​សេង បារាំង 

ព័ត៌មានផ្សេងទៀត