រដ្ឋមន្ត្រី​អប់រំ​​ជំរុញ​យុវជន​​សិក្សា​ជំនាញ​​កសិកម្ម ​និង​បច្ចេកវិទ្យា​​

20-06-2017 4:00 pm 1814

​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​ហង់ ជួន​ណារ៉ុន បាន​ជំរុញ​ឱ្យ​យុវជន​កម្ពុជា សិក្សា​ជំនាញ​កសិកម្ម និង​បច្ចេកវិទ្យា ស្របពេល​ដែល​ទីផ្សារ​ការងារ​នៅ​កម្ពុជា លើ​វិស័យ​នេះ កំពុង​ខ្វះខាត​តម្រូវការ ធនធានមនុស្ស ដែល​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។​ការជំរុញ​បែបនេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​២០ មិថុនា នេះ​។ 

​លោក​ហង់ ជួន​ណារ៉ុន បញ្ជាក់ថា ប្រទេស​កម្ពុជា​កំពុង​ខ្វះ​កម្លាំង ពលកម្ម​លើ​វិស័យ​កសិកម្ម ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ការងារ​ក្នុងស្រុក​លើ​មុខ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ កសិកម្ម​។ លោក​ថា ទីផ្សារ​ការងារ​នៅ​កម្ពុជា បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​បរិបទ នៃ​ការប្រកួតប្រជែង​ទាំង​ផ្នែក សេដ្ឋកិច្ច និង​បច្ចេកវិទ្យា ដែល​ជា​កត្តា​ប្រឈម​លើ​ការ​កង្វះ​ធនធាន មនុស្ស​សម្រាប់ អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។​

​លោក​រដ្ឋមន្ត្រី ក៏​ជំរុញ​ដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំងអស់ ពង្រីក​ការបណ្តុះ បណ្តាល​លើ​ជំនាញ​កសិកម្ម និង​បច្ចេកវិទ្យា ដល់​យុវជន​កម្ពុជា​នៅ​គ្រប់​កម្រិត ដើម្បី​បំពេញ​សេចក្តីត្រូវការ​ការងារ​ក្នុងស្រុក ក៏​ដូចជា​ធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្មរ​បស់​កម្ពុជា​ឱ្យ​កាន់តែ​មាន​សក្តានុពល ដែល​ទាក់ទាញ​ដល់​វិនិយោគ​ជាតិ និង​អន្តរជាតិ​ច្រើនឡើង​បន្ថែមទៀត​។​

​លោក​ហុង គឹម​ជាង នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ បាន​លើកឡើង​ថា វិទ្យាស្ថាន​របស់លោក​កំពុង ផ្តល់​អាហារូបករណ៍​លើ​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ ដល់​សិស្ស និស្សិត លើ​ជំនាញ​ដូចជា ការគ្រប់គ្រង​កសិដ្ឋាន ផលិតកម្ម​សត្វ ការគ្រប់គ្រង​ផលិតកម្ម​និង​ទីផ្សារ ការព្យាបាល​សត្វ​និង​រុក្ខជាតិ ជីវសាស្ត្រ ដំណាំ ផលិតកម្ម កែច្នៃ​កសិផល និង​កុំព្យូទ័រ ជាដើម ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព ដល់​យុវជន កម្ពុជា​ឱ្យ​ទទួលបាន​ជំនាញ​កសិកម្ម និង​បច្ចេកវិទ្យា​ពិតប្រាកដ​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ កម្ពុជា​មាន​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ជាង​៨.៣​លាន​នាក់ ប៉ុន្តែ​មិន​បាន ឆ្លើយតប​នឹង​ទីផ្សារការងារ​ជាក់ស្តែង​លើ ជំនាញ​វិទ្យា សាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា និង​កសិកម្ម នៅឡើយ​ទេ ដែល​មាន​ត្រឹមតែ​១៧​ភាគរយ ប៉ុណ្ណោះ បើ​ធៀប​នឹង​ជំនាញ វិទ្យាសាស្ត្រ សង្គម គឺ​មាន​រហូត​ដល់​៨៣​ភាគរយ​៕

 ពាក្យគន្លឹះ  លោកហង់ ជួនណារ៉ុន

ព័ត៌មានផ្សេងទៀត