បណ្តឹង​​ចំនួន​​៣៣​​ប្តឹងដោយ​​CPP និង​CNRP ត្រូវ​គ​.​ជ​.​ប​​ទាត់ចោល​​

18-06-2017 11:51 am 1670

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានសម្រេច​ចារ​បដិសេធ​បណ្តឹង​បោះឆ្នោត​ចំនួន​៣៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ ភាគច្រើន ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។ បើ​តាម​គ​.​ជ​.​ប បាន​អះអាង​ថា បណ្តឹង​ទាំងអស់នេះ ជា​បណ្តឹង​ថ្លោះ​សិទ្ធិ​នៃ​ការប្តឹង ( ផុត​កាលកំណត់​របស់​ច្បាប់​)​។

​នៅក្នុង​ចំណោម​បណ្តឹង​ទាំង​៣៣ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​)​ចារ​បដិសេធ​មិន​ដោះស្រាយ  គឺ​ក្នុង​នោះ​មាន​បណ្តឹង​ចំនួន​២២ ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង ១០​បណ្តឹង ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​១​បណ្តឹង ប្តឹង​ដោយ​ប្រជាពលរដ្ឋ​។ គ​.​ជ​.​ប បាន​ពន្យល់ថា មូលហេតុ​បដិសេធ​មិន​ដោះស្រាយ គឺ​ដោយសារតែ​បណ្តឹង​ទាំងអស់នោះ ថ្លោះ​សិទ្ធិ​នៃ​ការប្តឹង (​ផុត​កាលកំណត់​របស់​ច្បាប់​) និង​ធ្វើ​ខុស​នីតិវិធី​នៃ​ការប្តឹង​។​

​ការសម្រេច​ចារ​បដិសេធ​របស់​គ​.​ជ​.​ប​នេះ ធ្វើឡើង​បន្ទាប់​ពី​ស្ថាប័ន​មួយ​នេះ​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៥​ខែមិថុនា ដើម្បី​ពិនិត្យ និង​សម្រេច​លើ​បណ្តឹង​របស់​គណបក្សប្រឆាំង​ចំនួន​៣៣ ប្តឹង​បន្ត​មក​ពី​បណ្តា​ខេត្ត​ចំនួន​១០​។ បណ្តឹង​ទាំងអស់នោះ​ភាគច្រើន ប្តឹង​ឲ្យ​គ​.​ជ​.​បរាប់​សន្លឹកឆ្នោត​ឡើងវិញ​។​

​បណ្តឹង​គ​.​ជ​.​ប​ចារ​បដិសេធ​រួមមាន​៖ គណបក្ស​សង្គ្រោះ​ជាតិ ២២ បណ្តឹង គឺ​នៅ​ភ្នំពេញ​មាន​ចំនួន​៤​បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ និង​១​ជា​បណ្តឹង​ព្រហ្មទណ្ឌ​, ខេត្តពោធិ៍សាត់​ចំនួន​៧ បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ និង​០២​ជា​បណ្តឹង​ព្រហ្មទណ្ឌ​,​ខេត្តសៀមរាប ចំនួន ២ បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​,​ខេត្តតាកែវ ចំនួន ១​បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​,​ខេត្ត​ត្បូងឃ្មុំ​ចំនួន ២ បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​,​ខេត្ត​កំពង់ស្ពឺ ចំនួន ២ បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ , និង​ខេត្ត​កណ្តាល ចំនួន ១​បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។​

​រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួយ​១០ បណ្តឹង ដែល​គជប បាន​ចារ​បដិសេធ រួមមាន​៖ នៅ​រាជធានី​ភ្នំពេញ ចំនួន ៧ បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​,​ខេត្ត​បន្ទាយមានជ័យ ចំនួន ១​បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​,​ខេត្ត​រតនគិរី ចំនួន ១​បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ និង​ខេត្ត​ព្រៃវែង ចំនួន ១ បណ្តឹង ជា​បណ្តឹងសុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។ ចំណែក​ប្រជាពលរដ្ឋ បាន​ប្តឹង ១​បណ្តឹង ជា​បណ្តឹង​ក្នុងអំឡុងពេល​រាប់​សន្លឹកឆ្នោត​។​

​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ បណ្តឹង ដែល​បាន​ប្តឹង​បន្ត​មក គជប សរុប​មាន​ចំនួន ៦១ បណ្តឹង​។ បណ្តឹង​ទាំងនោះ ត្រូវ​បានគ​.​ជ​.​ប ពិនិត្យ និង​សម្រេច​ចំនួន ៤៩ បណ្តឹង ក្នុង​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃ​ទី​១៤-១៥ ខែមិថុនា ឆ្នាំ​២០១៧៕

 

 ពាក្យគន្លឹះ  គ​.​ជ​.​ប​​

ព័ត៌មានផ្សេងទៀត