លោក អូស្មាន់ ហាសាន់​៖ ទីណា​មាន​បងប្អូន​ខ្មែរ​អ៊ីស្លាម គឺ​សុទ្ធតែ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន

16-06-2017 11:13 am 1058
ពលរដ្ឋខ្មែរ-អ៊ីស្លាម សម្តែងការគំាទ្រនូវការចូលរួមរបស់លោក ហ៊ុន សែន ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន ខ្មែរ-អ៊ីស្លាម កាលពីល្ងាចម្សិលម៉ិញនៅមជ្ឈមណ្ឌលកោះពេជ្រ ។ រូបថតពីហ្វេសប៊ុក ។

​ថ្លែង​ក្នុង​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ខ្មែរ​-​អ៊ីស្លាម កាលពី​ល្ងាច ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក អូស្មាន់ ហាសាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ទីកន្លែង​ណា​ដែល​មាន​បងប្អូន​ខ្មែរ​-​អ៊ីស្លាម​រស់នៅ គឺ​សុទ្ធតែ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលុប ដែល​វា​បាន​ស្រប​ទៅ​នឹង​ធម៌​របស់​អ៊ីស្លាម ឱ្យ​សាសនា​អ៊ីស្លាម​ដឹងគុណ​ចំពោះ​អ្នក​ដែល​បាន​ផ្តល់​គុណូបការៈ​មក​លើ​យើង ដោយ​មិន​អាច​បញ្ចប់​ត្រឹម​ឆ្នាំ​មុន ឆ្នាំនេះ ឬ​ឆ្នាំក្រោយ ហើយក៏​មិន​អាច​បំភ្លេច​គុណ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កសាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ ។​

​លោក​រំឭក​បញ្ជាក់ថា លោក​ផ្ទាល់ និង​បងប្អូន​ខ្មែរ​-​អ៊ីស្លាម​ដទៃទៀត តែងតែ​រំឭក​ពី​សម័យ​កាល​ដែល​ធ្លាប់បាន​ឆ្លងកាត់​ទៅ​ដល់​បងប្អូន​ខ្មែរ​-​អ៊ីស្លាម​ជំនាន់​ក្រោយៗ និង​បាន​ប្រៀបធៀប​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ ដើម្បី​ឱ្យ​ពួកគេ​មើលឃើញ​កាន់តែ​ច្បាស់​ថា សម័យកាល​នេះ គឺ​មាន​អ្វីៗ​ច្រើន​សម្រាប់​បម្រើ​ជាតិ ពិសេស គឺ​សម្រាប់​អ៊ីស្លាម​ផ្ទាល់​តែម្តង ។ លោក​មើលឃើញថា មាន​ប្រទេស​ខ្លះ មិនបាន​ធ្វើ​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា​នោះទេ ។​

​ក្នុង​ពិធី​ដែល​ជា​ប្រពៃណី​របស់​ខ្មែរ​-​អ៊ីស្លាម ដោយ​មាន​អ្នកចូលរួម​ចំនួន​៤,៧០០​នាក់​នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​បាន​ថ្លែងថា វា​ជា​ភ័ព្ទសំណាង​របស់​បងប្អូន​ខ្មែរ​-​អ៊ីស្លាម ដែល​បាន​កើត​លើ​ទឹកដី​កម្ពុជា​នេះ ហើយ​ភ័ព្វសំណាង​នេះ មានតែ​នៅក្នុង​ដំណាក់កាល​ដែល​គ​ណ​បក្ស​ប្រជាជន​ដឹកនាំ​ប្រទេស​តែប៉ុណ្ណោះ ។ សម្រាប់​ពិធី​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​ខ្មែរ​-​អ៊ីស្លាម​នេះ នឹង​នៅតែ​កើតមាន បើសិនជា​គណបក្ស​ប្រជាជន​នៅ​កាន់អំណាច តែ​លោក​មិន​អាច​ធានា​ទេ បើសិន​ជា​អ្នក​ដទៃ​ឡើង​កាន់​អំណាច​ជំនួស​បក្ស​ប្រជាជន​នោះ ។​

​លោក​សង្កត់ធ្ងន់​ថា « ការបន្ត​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា វា​មិន​ខុស​ពី​ការបោះឆ្នោត​ថ្វាយ​ព្រះ​អា​ឡោះ និង​សម្រាប់​បងប្អូន​ម៊ូ​ស្លីម​ខ្លួនឯង​នោះ​ទេ នេះ​ជា​រឿង​ពិត​មួយ » ។​

​លោក ហ៊ុន សែន បញ្ជាក់ថា បើទោះបីជា​អស់ពី​លោក​ទៅ​ក៏ដោយ អ្នក​បន្តវេន​របស់​គ​ណ​បក្ស​ប្រជាជន ត្រូវតែ​អនុវត្ត​គោលនយោបាយ​នេះ ដែល​ជា​ការ​ចាំបាច់​ត្រូវតែ​ធ្វើឱ្យមាន​សុខដុមរ​ម​នីយកម្ម​ក្នុងប្រទេស ។​

​លោក អូស្មាន់ ហាសាន់ ថ្លែង​ទាំង​មោទន​ដោយ​ប្តេជ្ញា​ថា​នឹង​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន ជាពិសេស លោក ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយៗ​ទៀត ។​

​សូម​រំឭកថា ថ្មីៗ​នេះ​ទាក់ទង​ទៅ​នឹង​វិស័យ​អប់រំ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ក្របខណ្ឌ​គ្រូ​បង្រៀន​ដល់ ខ្មែរ​-​ឥស្លាម​ចំនួន​១,៥០០​នាក់ ។ ដោយសារ​កំណើន​សិស្ស និង​សេចក្តីត្រូវការ​ចាំបាច់ គ្រូបង្រៀន​កាន់តែ​ច្រើនឡើង លោក ហ៊ុន សែន សន្យា​នឹង​ផ្តល់ជូន​ក្របខ័ណ្ឌ​គ្រូ​បង្រៀន​ដល់​បងប្អូន​ខ្មែរឥស្លាម​ចំនួន ៥,០០០ នាក់​ថែមទៀត បើ​ត្រូវការ​ចាំបាច់ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  CPP-ខ្មែរ-អ៊ីស្លាម

ព័ត៌មានផ្សេងទៀត