លទ្ធផល​បឋម​នៅ​ឃុំ​ដូង​CPP ប្រែជា​ឈ្នះ​CNRP​ចំនួន​៧​សំឡេង​វិញ​

12-06-2017 7:32 pm 10771

​លទ្ធផល​បោះឆ្នោត​ទាំង ២៣​ការិយាល័យ ស្ថិតនៅ​ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ត្រូវ​បាន​រាប់​ឡើងវិញ​រួចរាល់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​មិថុនា​នេះ​។ បើ​តាម​ការ​បូកសរុប​លទ្ធផល ជា​ជំហាន​ដំបូង​គឺ​សំឡេងឆ្នោត​មាន​ការប្រែប្រួល​ដោយ គណបក្ស​ប្រជាជន​កម្ពុជា នាំមុខ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​សំឡេង​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញ​លទ្ធផល រាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅក្នុង​ឃុំ​ដូង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ២,៥៨៧​សំឡេង រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ២,៥៨០​សំឡេង​។ តែ​ទោះជា​យ៉ាងណា​នេះ​ជា​លទ្ធផល​បឋម ខណៈ​គ​.​ជ​.​ប បន្ត​សម្រេច​លើ​សន្លឹកឆ្នោត​មិនបានការ​មួយចំនួន​ទៀត​នៅឡើយ​។​

​អ្នក​អង្គេត​ការណ៍ របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​វាយតម្លៃ​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នេះ​ថា នៅ​មាន​ភាពមិនប្រក្រតី​មួយចំនួន​រាប់​ទាំង​ការ​វិច​ខ្ចប់ និង​ដឹកជញ្ជូន​សន្លឹកឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ប្តឹង​ឲ្យ​គ​.​ជ​.​ប សម្រេច​លើ​សន្លឹកឆ្នោត​មិន​បាន​ការ​របស់​ខ្លួន​មួយចំនួន​ទៀត​ផង​ដែរ​។​

​គួរបញ្ជាក់​ថា បើ​តាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់ គ​.​ជ​.​ប បានបង្ហាញ​ថា​លទ្ធផល​បោះឆ្នោត​នៅ​ឃុំ​ដូង ខេត្ត​ស្វាយរៀង​គឺ គណបក្ស​សង្គ្រោះ​ជាតិ​នាំមុខ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​បី​សំឡេង ពោល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ២,៥៩៩​សំឡេង រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​២,៥៩៦​សំឡេង​។​

​ដំបូង​ឡើយ គណបក្ស​ប្រជាជន​ប្ដឹងទៅ គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត (PEC) សុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។ នៅក្រោយ​ការរាប់​នៅឯ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា កើន​បាន ៦​សំឡេង​ទៀត រីឯ​គណបក្ស​សង្គ្រោះ​ជាតិ កើន​បាន ២​សំឡេង ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​ឆ្នោត​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ ១​សំឡេង​វិញ​។ កើត​ទុក​មិន​សុខចិត្ត គណបក្ស​សង្គ្រោះ​ជាតិ ក៏ ប្ដឹង​មក គ​.​ជ​.​ប សុំ​រាប់​សន្លឹកឆ្នោត​ទាំង​២៣​ការិយាល័យ ក្នុង​ឃុំ​ដូង​នេះ​ឡើង​វិញ​នៅ​ស្ដី​ការ គ​.​ជ​.​ប ផ្ទាល់​តែម្ដង​។​

 ពាក្យគន្លឹះ  លទ្ធផលបោះឆ្នោត

ព័ត៌មានផ្សេងទៀត