តុលាការ​អាមេរិក​​បង្គាប់​ឲ្យ​លោក​សម រង្ស៊ី​​ដាក់​ភ័ស្តុតាង​បន្ថែម​​ក្នុង​បណ្តឹង​​ឃាតកម្ម​​លោក​កែម ឡី​​

12-06-2017 11:36 am 8889

១១​ខែ​បាន​កន្លងផុត​ទៅ​ហើយ យុត្តិធម៌ សម្រាប់​លោក​កែម ឡី និង​ក្រុម​គ្រួ​សារ​លោក នៅ​តែ​ងងឹតសូន្យ គ្មាន​ពន្លឺ​បន្តិច​ណា​សោះ ពិសេស​ទាក់ទង​នឹង​បញ្ហា​រូបភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​ម៉ា​តនៃ​ស្ថានីយ​ប្រេង របស់​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុន  ដែល​មនុស្ស​គ្រប់គ្នា មាន​ជំនឿ​ជា​ក់ថា វីដេអូ​កាមេរ៉ា​នោះ គឺជា​ពន្លឺ​ដ៏​សំខាន់ ក្នុង​ការបង្ហាញ​ឃាតក​ពិត ដែល​បាន​បាញ់សម្លាប់​លោក​កែម ឡី ទាំង​កណ្តាល​ថ្ងៃ​ចែស​។​

 

​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ បង្ហាញ​រូបភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្តឹង​ទៅ​តុលាការ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាមេរិក ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រេង ឈេ​ហ្វ​រ៉ុន (Chevron) ជា​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​នៅ​សហរដ្ឋអាមេរិក បញ្ចេញ​រូបភាព​ក្នុង​វីដេអូ​កាមេរ៉ា​នៃ​សកម្មភាព​បាញ់​សម្លាប់​លោក​កែម ឡី​។ ប៉ុន្តែ កន្លងមក ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុន​ដែល​គ្រប់គ្រង​លើ​ស្ថានីយប្រេងឥន្ធនៈ​មួយ​នេះ​បាន​លើកឡើង​កាល​ពី​ខែ​មីនា​ថា រូបភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ទាំងអស់​របស់​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ត្រូវ​អាជ្ញាធរ​កម្ពុជា​យក​អស់ហើយ​។​

 

​ថ្លែង​ប្រាប់​កាសែត​អន្តរជាតិ ខេ​ម​បូឌា​ដេលី កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោកស្រី ដូ​ណា រ៉ា​យ​អ៊ូ (Donna Ryu) ចៅក្រម​តុលាការ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ខាងជើង​នៃ​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តី​បង្គាប់ កំណត់​ឱសានវាទ​ត្រឹម​ថ្ងៃ​ទី​២៩​ខែ​មិថុនា​សម្រាប់​លោក​សម រង្ស៊ី ក្នុង​ការ​ដាក់​ជូន​ភ័ស្តុតាង និង​សំណើ​បន្ថែម​សម្រាប់​ព័ត៌មាន​នៅ​ក្នុង​បណ្តឹង​ផ្លូវ​ច្បាប់​របស់​លោក​ដែល​ប្តឹង​ក្រុមហ៊ុន​ប្រេង ឈេ​ហ្វ​រ៉ុន (Chevron) ពាក់ព័ន្ធ​ការធ្វើឃាត​លោក​កែម ឡី កាលពី​ខែ​កក្កដា​។​លោកស្រី ដូ​ណា រ៉ា​យ​អ៊ូ ថ្លែងថា ការចេញ​សេចក្តី​បង្គាប់​នេះ​គឺ​ដើម្បី​ជា​ការឆ្លើយតប​នឹង​សំណើ របស់​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុន ដែល​ស្វះស្វែង​បញ្ចប់​សំណុំរឿង​តុលាការ​របស់​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​។​ការបង្គាប់​នេះ មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​លោក​សម រង្ស៊ី​នៅ​ឡើយ​ទេ​។​

 

​សូមបញ្ជាក់​ថា លោក​សម រង្ស៊ី បាន​ដាក់​ពាក្យបណ្តឹង​ផ្លូវច្បាប់​ក្នុង​គោលបំណង​ទាមទារ​រូបភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ពី​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច កន្លែង​ដែល​អ្នក​រិះគន់​រដ្ឋាភិបាល​ដ៏​មាន​ប្រជាប្រិយភាព​លោក​កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់​។​

 

​នៅក្រោយ​ការធ្វើឃាត​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​លោក​កែម ឡី ជនសង្ស័យ​ឈ្មោះ​អឿ​ត អាង ឬ​ជួប សម្លាប់ ត្រូវបាន​ចាប់ខ្លួន​មិនយូរប៉ុន្មាន បន្ទាប់​ពី​ការបាញ់ប្រហារ​។​ជននេះ​បាន​សរ​ភាព​ថា ការបាញ់​សម្លាប់​លោក កែម ឡី ដោយសារ​លោក​ជំពាក់​ប្រាក់​៣០០០​ដុល្លារ មិន​ព្រម​សង ដែល​មនុស្ស​គ្រប់គ្នា​មិន​ជឿ​លើ​ចម្លើយ​នេះ​។​ជាងនេះទៀត ជនសង្ស័យ​ជួប សម្លាប់​នេះ ត្រូវ​មជ្ឈដ្ឋាន​នានា​ដាក់​ការសង្ស័យថា អាច​ជា​ឃាតក​សិប្បនិម្មិត ទៀតផង​។ 

អ្នកវិភាគ​លោក​គឹម សុខ កំពុង​ជាប់​ពន្ធនាគារ ដោយសារ​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ អ្នកនយោបាយ​២​រូប​ទៀត គឺ​លោកស្រី​ថាក់ ឡា​នី និង​លោក​សម រង្ស៊ី​ខ្លួនឯង ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្តឹង ដោយសារ​តែ​អ្នក​ទាំង​ពីរ​ចោទ​លោក​ហ៊ុន សែន ដូចគ្នា​នឹង​លោក​គឹម សុខ​ដែរ​។​
​រហូតមកដល់​ពេលនេះ គ្មាន​អ្វី​ថ្មី​ទៀត​ទេ ក្រៅ​តែ ពី​ផ្តន្ទាទោស អឿ​ត អាង ហៅ​ជួប​សម្លាប់​ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត​។​

 

​នៅក្នុង​សេចក្តី​បង្គាប់​របស់​ចៅក្រម ដូ​ណា រ៉ា​យ​អ៊ូ មាន​ខ្លឹមសារ​ថា “​អ្នក​ដាក់​ពាក្យបណ្តឹង​សម រង្ស៊ី ត្រូវ ដាក់​ជូន​នូវ​ភ័ស្តុតាង និង​ព័ត៌មាន​សង្ខេប​បន្ថែម ពាក់ព័ន្ធ​នឹង​សំណុំរឿង​កម្ពុជា​របស់​លោក​មិន​ឲ្យ​ហួស ថ្ងៃ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧” ហើយ​បន្ទាប់មក​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុន​មានពេល​ពីរ​សប្តាហ៍​ក្នុង​ការឆ្លើយ តប​៕


 ពាក្យគន្លឹះ  ឃាតកម្មលោកកែមឡី

ព័ត៌មានផ្សេងទៀត