លោក សុខ ឥសាន បង្ហាញ​សុទិដ្ឋិនិយម​ថា គណបក្ស​ប្រជាជន​នឹង​បន្ត​ឈ្នះ​ការបោះឆ្នោត​ថ្នាក់ជាតិ​

10-06-2017 4:32 pm 4026
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទើបតែ​បាន​បិទ​បញ្ចប់​កាលពី​ចុង​សប្តាហ៍​មុន​នេះ ។ គណបក្ស​ដែល​ជាប់ឆ្នោត ក្នុង​ការជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ បាន​កំពុង​ធ្វើកំណែទម្រង់ ណែនាំ ក្រើនរំឭក​ដល់​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន និង​មន្ត្រី​ទើប​ជាប់​ឆ្នោត​ថ្មី បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ និយាយ​ជា​រួម គឺ​ប្រឹង​ធ្វើការ​ក្នុង​មូលដ្ឋាន ប្រកួតប្រជែង​គ្នា​ដើម្បី​បន្ត​ទទួលបាន​សំឡេង​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​បន្ថែម ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ប្រាប់​វិទ្យុ​វាយោ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅតែ​បន្ត​ឈ្នះឆ្នោត ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ ។ 

​លោក សុខ ឥសាន បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម និង​ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​សំឡេងគាំទ្រ​ពី​ប្រជាជន​កាន់តែ​ច្រើនឡើង​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខ ដោយ​សំអាង តាម​តួលេខ​បណ្តោះអាសន្ន​ក្រៅ​ផ្លូវការ គណបក្ស​ប្រជាជន​បាន​កើនឡើង​៣០​ម៉ឺន​សំឡេង បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ។ លោក​ថា ការឃោសនា​បោះឆ្នោត​លើក​នេះ មាន​ចរិត​ជា​ថ្នាក់​ជាតិ​រួចទៅហើយ ព្រោះ​ប្រធាន​គណបក្ស​ទាំងអស់​សុទ្ធតែ​បាន​ចូលរួម​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត ។​
​សំឡេង​លោក សុខ ឥសាន ៖

​លោក សុខ ឥសាន ថា​មាន​កត្តា​ពីរ​ដែល​ធ្វើឱ្យ​លោក​ជឿជាក់​ថា គណបក្ស​ប្រជាជន​នឹង​កើត​សំឡេងគាំទ្រ ។ ទីមួយ ផ្អែក​លើ​ការកើនឡើង​សំឡេង​៣០​ម៉ឺន​សំឡេង និង​ទី​ពីរ គឺ​ការកែប្រែ​ឥរិយាបថ​របស់​មន្ត្រី​មូលដ្ឋាន​ដើម្បី​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ បង្កើន​ប្រសិទ្ធភាព​ការងារ និង​ដើម្បី​បង្ហាញ​ប្រាប់​ពលរដ្ឋ​ថា មន្ត្រី​ថ្នាក់ក្រោម​របស់​គណបក្ស ភ្ញាក់រឭក និង​កែ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន ។​
​សំឡេង លោក សុខ ឥសាន ៖

​លោក សុខ ឥសាន បន្តថា ចំណុច​ខ្លាំង​ដែល​គណបក្ស​ប្រជាជន​បាន​រក្សា និង​អាច​បង្កើន​សំឡេងគាំទ្រ គឺ​ត្រង់​ថា ទីមួយ គណបក្ស​ប្រជាជន​មាន​កម្មវិធី​គោលនយោបាយ​ត្រឹមត្រូវ ទី​ពីរ គណបក្ស​ប្រជាជន​បាន​កសាង​សមិទ្ធិផល​ជាច្រើន​ដែល​ផ្សារ​ភ្ជាប់​នឹង​ផលប្រយោជន៍​របស់​រាស្ត្រ ទី​បី គណបក្ស​បាន​ធ្វើ​ការកែទម្រង់​ស៊ីជម្រៅ​ដល់​មន្ត្រី​មូលដ្ឋាន​ដើម្បី​លើកកម្ពស់​គុណភាព​ការងារ និង​ទី​បួន គឺ​គណបក្ស​ប្រជាជន​មាន​សាមគ្គី ឯកភាព​រឹងមាំ ។​
​សំឡេង លោក សុខ ឥសាន ៖

​លោក សុខ ឥសាន ទទួលស្គាល់ថា កន្លង​មក​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​មួយចំនួន​មិន​បាន​អនុវត្ត​ការងារ​ឱ្យបាន​ពេញលេញ​ឡើយ ។ គណបក្ស​ប្រជាជន​នឹង​ព្យាយាម​លុបបំបាត់​អំពើ​ពុករលួយ​តាម​បណ្តា​មូលដ្ឋាន ដែល​វា​បាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​កន្លងមក ។​
​សំឡេង​លោក សុខ ឥសាន ៖

​សរុប​ជា​រួម​មក លោក សុខ ឥសាន នៅ​តែ​បង្ហាញ​ជំហរ​ជឿជាក់​យ៉ាង​មុតមាំ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រាកដ​ជា​ទទួលបាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨ ខាងមុខនេះ ។ ដោយ​លោក​សំអាង​លើ​ពីរ​ចំណុច ទីមួយ បើសិនជា​មន្ត្រី​របស់​គ​ណ​បក្ស​ប្រជាជន​កែលម្អ​បង្កើន​ប្រសិទ្ធភាព​ការងារ​ជូន​ដល់​ពលរដ្ឋ និង​ទី​ពីរ បើសិនជា​មាន​វត្តមាន​ចូលរួម​បោះឆ្នោត​ពី​សំណាក់​សមាជិក​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​ជាង​២​លាន​នាក់​ទៀត ដែល​គាត់​បាន​ធ្វើ​ចំណាកស្រុក ហើយ​មាន​ឱកាស​មក​ចូលរួម​បោះឆ្នោត នោះ​សំឡេងគាំទ្រ​នឹង​បន្ត​កើន​ឡើង​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨​ថែម​ទៀត ។​
​សំឡេង លោក សុខ ឥ​សាន្ត ៖

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  CPP

ព័ត៌មានផ្សេងទៀត