តាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី០៦មិថុនា មន្ទីរបញ្ចកោណប៉ាន់ស្មានថា កាលពីឆ្នាំមុនចិនបានចំណាយ១៨០ពាន់លានដុល្លារអាមេរិកលើវិស័យយោធា។ចំនួននេះគឺច្រើនបំផុតប្រៀបធៀបប្រទេសផ្សេងក្នុងពិភពលោក លើអាមេរិកទៅទៀតដែលចំណាយត្រឹម១៤០ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
របាយការណ៍បញ្ជាក់ថា ការប្រើកញ្ចប់ថវិកាលើវិស័យយោធាដ៏សន្ធឹកសន្ធាប់នេះ ចិនទំនងចង់បង្កើតមូលដ្ឋានយោធានៅបណ្ដាប្រទេសជាសម្ព័ន្ធមិត្ដជិតស្និទ្ធក្នុងពិភពលោក ជាក់ស្ដែងមានប៉ាគីស្ថានជាដើម។
ប៉ុន្ដែចិនបានប្រកែកដាច់ខាត មិនទទួលស្គាល់របាយការណ៍ប្រចាំឆ្នាំចេញផ្សាយដោយក្រសួងការពារជាតិអាមេរិកឡើយ។ក្រសួងការពារជាតិចិនឆ្លើយតបទៅវិញ ចិនមិនបានធ្វើហើយក៏គ្មានផែនការដូចការចោទប្រកាន់របស់អាមេរិកដែរ។ចិនមិនបានពង្រីកឥទ្ធិពលឬពង្រីកយោធាអីទេ សូម្បីគិតក៏មិនហ៊ាន។
ថ្លែងក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រីHua Chunyingបានអះអាងថា របាយការណ៍ចេញផ្សាយដោយអាមេរិក ជារបាយការណ៍និយាយមិនពិតពីចិន។ការលើកឡើងថាចង់សង់មូលដ្ឋានយោធានៅប៉ាគីស្ថាន ចិនមិនបានគិតដល់ ហើយចិន-ប៉ាគីស្ថានមានទំនាក់ទំនងធម្មតាប៉ុណ្ណោះ តែទំនាក់ទំនងនេះក៏មិនពាក់ព័ន្ធនឹងប្រទេសទីបីដែរ។
ជាការកត់សម្គាល់ មហាអំណាចលេខមួយនិងលេខពីរក្នុងពិភពលោកអាមេរិក-ចិន តែងរកាំរកូសនឹងគ្នាជាញឹកញយ។បើនិយាយរឿងមើលបំណាំនិងចាំចាប់កំហុស ប្រទេសទាំងពីរមិនចាញ់គ្នាទេ។ចិនធ្លាប់រិះគន់អាមេរិក អាមេរិកធ្លាប់រិះគន់ចិន ទៅលើគោលនយោបាយការបរទេស និងសកម្មភាពនានាមួយចំនួន។អ្វីដែលសំខាន់គឺស្ថិតនៅលើប្រទេសជាសម្ព័ន្ធមិត្ដមហាយក្សទាំងពីរ ពួកគេព្រមចាប់យកអាមេរិកឬចិនដោយសារអ្វី គេច្បាស់ជាដឹងខ្លួនឯង ហើយក៏ដឹងពីផលវិជ្ជមាននិងផលអវិជ្ជមាន។ជាការពិតថាអាមេរិកនិងចិន កំពុងព្យាយាមទាក់ទាញប្រជាប្រិយភាពក្នុងឆាកអន្ដរជាតិ និងកំពុងចង់ពង្រីកចំណងមិត្ដភាពជាមួយប្រទេសផ្សេង៕