"​ថ្នាំ​ជក់​​ជា​​ឧស​គ្គ​​នៃ​​ការ​អភិ​វឌ្ឍ​​"

07-06-2017 3:18 pm 785

​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មិថុនា ឆ្នាំ​២០១៧ បាន​ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ក្រោម​ប្រធានបទ "​ថ្នាំជក់​ជា​ឧស​គ្គ​នៃ​ការអភិវឌ្ឍ​"​។ ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រ​សួ​សុខាភិបាល បាន​លើកឡើង​ថា អង្គការ​សហ​ប្រជាតិ ទទួលស្គាល់​ថា​ការប្រើប្រាស់​ថ្នាំជក់​ជា​ឧបសគ្គ​មួយ រារាំង​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​(SDGs) ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព សេដ្ឋកិច្ច យេនឌ័រ និង​បរិស្ថាន​ជាដើម​។​

​យោងតាម​របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក ថ្នាំជក់​បានសម្លាប់​មនុស្ស ៧.២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ដោយ​ក្នុង​នោះ​មាន ៨០%​នៃ​អ្នកស្លាប់​ទាំងនោះ នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​។ ថ្នាំជក់​បាន​ដាក់បន្ទុក​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ និង​បង្កើន​ភាពក្រីក្រ​។ ការជក់បារី​ធ្វើឱ្យ​ខាតបង់​ថវិកា​ប្រមាណ ១.៤​ទ្រី​លាន​ដុល្លារ​អាមេរិក (១.៤ trillion) នៅ​ទូទាំង​ពិភពលោក​។ សម្រាប់​ប្រទេស​កម្ពុជា មាន​អ្នក​ជក់បារី​ប្រមាណ ១.៦៨ លាន​នាក់ ដែល​ភាគច្រើន​ជា​ក្រុម​មនុស្ស​ដែល​មាន​ចំណូល​ទាប​។ ថ្លៃ​ចំណាយ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការទិញ​បារី​មាន​ប្រមាណ ២០១,៥៣៤,៧០១​ដុល្លារ​អាមេរិក ហើយ​ចំណាយ​ទាក់ទង​នឹង​ការព្យាបាល​ជំងឺ ការបាត់បង់​កម្លាំង​ពលកម្ម ដោយសារ​ជំងឺ​ដែល​បង្ក​ដោយ​ថ្នាំជក់​មាន​ប្រមាណ ១៦២.៧​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​។ ជាងនេះទៀត ប្រជាជន​មិន​ជក់បារី​ប្រមាណ ៦០% រង​ការ​ស្រូប​ផ្សែង​បារី ដោយ​អ​ចេតនា​នៅតាម​ទី​កន្លែង​ធ្វើការ​និង​ទីសាធារណៈ​។​

​សូមបញ្ជាក់​ថា កន្លងមក​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​អប់រំ និង កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ និង​បាន​ហាមឃាត់​ទាំងស្រុង​ចំពោះ​ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ​លក់ និង​ការឧបត្ថម្ភ​កម្មវិធី​ដោយ​ឧស្សាហករ​ថ្នាំជក់ អនុវត្ត​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​ទំហំ​៥៥% ការ​ដាក់​វិធានកា​រលើ​ការតាំង​លក់​កញ្ចប់​ផលិតផល​ថ្នាំជក់​នៅ​កន្លែង​លក់រាយ ការហាមឃាត់​ការជក់បារី​នៅ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ​ជាដើម ធ្វើ​ឱ្យ​ការប្រើប្រាស់​ថ្នាំជក់​នៅ​ប្រទេស​កម្ពុជា​បាន​ថយចុះ​៕

ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត