លោក​ម៉ម សូណង់ដូ បង្ហើប​ពី​បំណង​​ចង់​រួបរួម​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​... ​

06-06-2017 1:56 pm 90807

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក​ម៉ម សូណង់ដូ បន្ទាប់​ពី​លទ្ធផល​បឋម​នៃ ការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បង្ហាញថា​គណបក្ស​លោក មិន​ទទួលបាន​តំណែង​មេឃុំ​-​ចៅ សង្កាត់​សូម្បីតែ​១​នោះ ពេល​នេះ​ហាក់​បង្ហាញ​ជំហរ​បើកផ្លូវ​ក្នុង​ការរួបរួម​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​។ លោក​ម៉ម សូណង់ដូ លើកឡើងថា លោក​ជា​អ្នកប្រជាធិបតេយ្យ គឺ​នៅតែ​ចង់​រួបរួម​ជាមួយ​គណបក្ស​ដ​ទៃ មិន​ថា​តែ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ឲ្យតែ​ក្នុង​គោលដៅ​ដើម្បី​បម្រើ និង​ការពា​រប្រ យោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ ព្រមទាំង​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ផង​ដែរ​។ ប៉ុន្តែ​លោក​ថា បើ​រួបរួម​គ្រាន់តែ​យកឈ្នះ គណបក្ស​ប្រជាជន ហើយ​ឈ្លោះប្រកែក​ចែក​អំណាច​គ្នា នោះ​លោក​មិន​រួបរួម​ទេ​….

សំឡេង​លោក​ម៉ម សូណង់ដូ​៖

បើទោះជា​មាន​ការប្រកាស​បែបនេះ ក៏ដោយ ប៉ុន្តែ​មិន​ទាន់​មាន​ការឆ្លើយតប​យ៉ាង​ណា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ ដោយ​លោក​យឹម សុវណ្ណ ជា​អ្នកនាំពាក្យ​គណបក្ស​នេះ មិន​បាន​លើក​ទូរស័ព្ទ​។​

សូមបញ្ជាក់​ថា នៅក្រោយ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ គេ​ឃើញ​លោក​ម៉ម សូណង់ដូ មាន​ភាពស្និទ្ធស្នាល​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ណាស់ តែ​រយៈពេល​ក្រោយមកទៀត លោក​ក៏​មាន​ការ​ថ្នាំង​ថ្នាក់ ជាមួយ​គណបក្ស​នេះ រួច​រត់​មក​ចាប់ផ្តើម​សកម្មភាព​នយោបាយ ដោយ​រើកកាយ​គណបក្ស​ចាស់​របស់​លោក គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​កប់​បាត់​ជាច្រើន​អាណត្តិ​មកហើយ​នោះ មកវិញ ដើម្បី​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​មេឃុំ​-​ចៅសង្កាត់​ក្នុង​អាណត្តិ​ទី​៤​នេះ ប៉ុន្តែ​ពុំ​ទទួលបាន​លទ្ធផល​ដូចក្តី​រំពឹងទេ​។​

ការ​ងាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​កន្លងមក មាន​លេចឮ​ព័ត៌មាន​ថា ដោយសារតែ​លោក​ទាមទារ​កៅអី​តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​មិនបាន ទើប​ធ្វើឲ្យ​លោក​ខឹង​ក៏​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បែបនេះ ហើយ​ព័ត៌មាន​លេចឮ​នេះ បាន​ក្លាយទៅជា​រឿង​ប្តឹងផ្តល់​គ្នា​រវាង​លោក និង​ព្រះ​តេជគុណ​ប៊ុន ប៊ុនតិញ​ផង​ដែរ​៕

 ពាក្យគន្លឹះ  លោកម៉ម សូណង់ដូ

ព័ត៌មានផ្សេងទៀត