កូរ៉េខាងជើង​៖​​កម្មវិធី​នុយក្លេអ៊ែរ​​ចាំបាច់​ណាស់​​សម្រាប់​ឆ្លើយតប​​នឹង​អាមេរិក​

03-06-2017 11:02 am 5825
លោកគីម ជុងអ៊ុន​អបអរនឹង​ភាពជោគជ័យ​​ក្នុងការផលិត​អាវុធនុយក្លេអ៊ែរ

​ឆ្លើយតប​នឹង​ការដាក់ទណ្ឌកម្ម​បន្ថែម​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង បាន​ចេញផ្សាយ​បទ​វិចារណកថា​មួយ​ការពារ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ទីក្រុង​ព្យុង​យ៉ាង​។​បទ​វិចារណកថា​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០២​មិថុនា បានបញ្ជាក់​ថា​កម្មវិធី​នុយក្លេអ៊ែ​រ គឺជា​ផល​ដែល​កើតចេញ​ពី​ការគំរាមកំហែង​ដោយ​នុយក្លេអ៊ែ​រ និង​គោលនយោបាយ​បង្កហេតុ​របស់​អាមេរិក​។​

​កូរ៉េ​ខាងជើង​បាន​និយាយទៀតថា ខណៈ​ការគំរាមកំហែង​នៅតែមាន ទីក្រុង​ព្យុងយ៉ាង​មិន​អាច​បោះបង់​កម្មវិធី​នេះ​បានឡើយ ទោះបី​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ​។​បទ​វិចារណកថា​បន្ថែមថា ប្រសិនបើ​អាមេរិក​បន្ដ​ដាក់​សម្ពាធ​និង​រឹតបន្ដឹង​ទណ្ឌកម្ម នោះ​កូរ៉េខាងជើង​នឹង​ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​កម្មវិធី​នុយក្លេអ៊ែ​ររបស់ខ្លួន ឲ្យបាន​លឿន​បំផុត​តាម​ដែល​អាច​ទៅរួច​។​

​ក្នុង​បទ​វិចារណកថា​ក៏មាន​លើកឡើង​ពី​ចិន​ផង​ដែរ ទោះបី​មិន​បាន​បញ្ជាក់​ឈ្មោះ​។​នោះ​គឺថា​មាន​ប្រទេស​ធំ​ដែល​ធ្លាប់​បាន​អួត​ពី​ថាមពលនុយក្លេអ៊ែរ​របស់គេ ត្រូវ​បាន​ធ្លាក់​ក្រោម​ការគំរាមកំហែង​ដោយ​នុយក្លេអ៊ែរ​អាមេរិក​។​ជា​លទ្ធផល​បញ្ហា​នេះ​កំពុង​បំផ្លាញ​ចំណង​មិត្ដភាព​ជា​យូរ​អង្វែ​ង​ជាមួយ​ក្រុង​ព្យុងយ៉ាង​។​

​ជា​ការកត់សម្គាល់ មួយ​រយៈ​ចុង​ក្រោយ​នេះ​កូរ៉េខាងជើង​មិនបាន​ស្ដាប់​ការអំពាវនាវ​របស់​ចិន ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ និង​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​របស់​គេ​ឡើយ​។​ទោះ​ចិន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​យ៉ាងណាក៏ដោយ កូរ៉េខាងជើង​នៅ​តែ​បាញ់​មី​ស៊ី​ល​ម្ដង​ហើយ​ម្ដងទៀត​។​សូម្បី​អាមេរិក​ក៏​លាន់មាត់​ថា កូរ៉េខាងជើង​កំពុង​ធ្វើឲ្យ​ចិន​ខកចិត្ដ ខុស​ពី​ការរំពឹង​ដែលថា ចិន​មាន​ឥទ្ធិពល​ក្នុង​ការចរចា​ជាមួយ​កូរ៉េ​ខាងជើង​៕

ព័ត៌មានផ្សេងទៀត