ការ​ផ្សាយ​ពាណិជ្ជកម្ម​​ផលិតផល​​ថ្នាំ​ជក់​​នៅ​​បន្ត​​ក្នុង​​រូបភាព​​លាក់​​លួច​

01-06-2017 11:29 am 2487

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ទៅនឹង​សុខភាព​បានបង្ហាញ​ថា ការផ្សាយ​ពាណិជ្ជកម្ម​បារី​ជា​សាធារណៈ​បាន​ថយចុះ ប៉ុន្តែ​ក៏​នៅ​មាន​ការ​លួចលាក់​ផ្សាយ​នៅ​តាម​ហាង​តូចតាច​ផងដែរ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។  ជាមួយគ្នានេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ច្រើនជាង​២​លាន​នាក់  កំពុង​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​។

​ការបង្ហាញ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​នៅក្នុង​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​៣១​ឧសភា ម្សិលមិញ​។ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ចេញ​របាយការណ៍​មួយ ដោយ​បង្ហាញ​ថា ការផ្សាយ​ពាណិជ្ជកម្ម​បារី​លើ​ផ្ទាំង​ប៉ាណូ​តាម​ដងផ្លូវ និង​ការផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​លប់បំបាត់ស្ទើ​ទាំងស្រុង​ហើយ​។ ក៏​ប៉ុន្តែ​ការផ្សាយពាណិជ្ជកម្ម​បារី​តាម​ហាង​កាហ្វេ តូប​លក់​គ្រឿងទេស និង​កន្លែង​ម៉ា​ត​នានា​នៅតែ​បន្ត​មាន​នៅឡើយ​។​

​រដ្ឋ​សភា​កម្ពុជា​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​កាត់បន្ថយ​ហានិភ័យ​សុខភាព បង្ក​ដោយ​ថ្នាំជក់ ឬ​បារី ដែល​កំពុង​សម្លាប់​ពល​រដ្ឋ​កម្ពុជា​៣០​នាក់​ជា​រៀងរាល់ថ្ងៃ និង​ជួយ​សន្សំ​ថវិកា​ពី​ការទិញ​ថ្នាំជក់ ឬ​បារី​បាន​ជិត​១០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​

តាម​របាយការណ៍​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បង្ហាញថា ការប្រើប្រាស់​ថ្នាំជក់​នាំមក​នូវ​ទុក្ខវេទនា​ជំងឺ និង​ការស្លាប់ គ្រួសារ​ក្រីក្រ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​។ ចំណែក​ការដាំ​ថ្នាំជក់​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជី​ដែល​អាច​បំពុល​កសិករ និង​ទឹក​។ ជា​រៀងរាល់ឆ្នាំ​ការដាំ​ថ្នាំជក់ ប្រើ​ដី​ទំហំ​៤, ៣​លាន​ហិកតា ដែល​ជា​លទ្ធផល​នាំអោយ​មាន​ការកាប់បំផ្លាញ​ព្រៃឈើ​ជា​សកល​ពី​២​ភាគរយ និង​៤​ភាគរយ នៃ​ចំនួន​ព្រៃឈើ​សរុប​ទូទាំង​សកលលោក​។ លើសពីនេះ ផលិតកម្ម​ថ្នាំជក់​បាន​បន្សល់​នូវ​កាក​សំណល់​រឹង​ជាង ២​លាន​តោន​ក្នុង ១​ឆ្នាំៗ ដែល​នេះ​វា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​។​

មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល​បាន​រកឃើញថា ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ចំណាយ​ទៅលើ​ការព្យាបាល​ជំងឺ​៥​មុខ ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​ថ្នាំជក់ ស្មើនឹង​១៦២​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៣​កន្លងទៅ​។​

​យោងតាម​របាយការណ៍ ឆ្នាំ​២០១៥​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ​បង្ហាញថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៥​លាន​នាក់ គឺ​មាន​ច្រើន​ជាង​២​លាន​នាក់​ហើយ​បាន​ប្រើប្រាស់ ផលិតផល​ថ្នាំជក់ ហើយ​ភាគច្រើន​ជា​បុរស និង​មាន​ស្ត្រី​តិចតួច​ជា​អ្នក​ចុក​ថ្នាំ​៕

ដោយ៖ធុច ធារ៉ា


 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត