លោក​អាត់ ធន់​៖​​កម្មករ​ប្រមាណ​​៣០%​​អាច​នឹង​​បាត់​សិទ្ធិ​​បោះឆ្នោត​​

28-05-2017 1:37 pm 2298

​ដោយ​មើលឃើញ​ថា កម្មករ​-​កម្ម​ការី​នី មាន​ចំនួន​ជិត​៨​សែន​នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ និង​ផលិត​ស្បែកជើង ភាគច្រើន​ជា​កូនចៅ អ្នកស្រុក​ស្រែចម្ការ អាច​នឹង​មិន​បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៤ មិថុនា ដោយ​បារម្ភ​ថា​ថៅកែ មិន​ផ្ដល់​ថ្ងៃ​ឈប់​គ្រប់គ្រាន់​សម្រាប់​ធ្វើដំណើរ​ទៅ​បោះឆ្នោត ទើប​គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជំរុញ​ទៅ​ម្ចាស់​រោងចក្រ សហគ្រាស អនុញ្ញាត​ឲ្យ​កម្មករឈ​ប់​សម្រាក​៣​ថ្ងៃ ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៤ មិថុនា​។

 

​សំណើ​របស់​គណបក្សប្រឆាំង​បាន​សម្តែង​ការបារម្ភ​ថា ប្រសិន​បើ​ថៅកែ​រោងចក្រ​មិន​អនុញ្ញាតឲ្យ​ពួក​គេ​ឈប់​សម្រាក​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ដំណើរ​ទៅវិញ​ទៅមក​ទេ កម្មករ​ទាំងអស់​នោះ នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន​។​

លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជម្រាបជូន​លោក​ស៊ិក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប តាមរយៈ​លិខិត កាលពី​ថ្ងៃ​ទី​២៦ ឧសភា ថា ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ខេត្ត​ឆ្ងាយ ម្ល៉ោះហើយ​ត្រូវ​ចំណាយពេល​យ៉ាងតិចណាស់​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ធ្វើដំណើរ ទៅ​ស្រុកកំណើត ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​ត្រឡប់មកវិញ​។ លោក​បញ្ជាក់ថា គ​.​ជ​.​ប គួរ​ធ្វើ​អន្តរាគមន៍ ទៅ កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​ក្រសួង​ការងារ ចាត់​វិធានការ​ដើម្បី​ឲ្យ​កម្មករ និយោជិត​ទាំងនោះ បាន ទៅ​ចូលរួម​បោះឆ្នោត និង​ដើម្បី​ធានា​សិទ្ធិ​បោះឆ្នោត​ជូន​ពលរដ្ឋ​ដែល​មានចែង​នៅក្នុង​ច្បាប់​។

យ៉ាងណាក្ដី នៅមុន​ការស្នើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ២​ថ្ងៃ គ​.​ជ​.​ប ក៏បាន អំពាវនាវ​ទៅ​គ្រប់​ម្ចាស់​សហគ្រាស សណ្ឋាគារ​ភោជនីយដ្ឋាន និង​គ្រឹះស្ថាន​ទាំងអស់ ជួយ​សម្រួល​ឲ្យ​កម្មករ និយោជិត បាន​ធ្វើដំណើរ​ទៅ​ចូល​រូ​ម​ការបោះឆ្នោត តាម​ឃុំ​-​សង្កាត់ ដែល​ខ្លួន​បាន​ចុះឈ្មោះ ក៏ប៉ុន្តែ គ​.​ជ​.​ប មិន​បាន​បញ្ជាក់ថា នឹង​តម្រូវ​ឲ្យ​ឈប់​ចាប់​ពី​ថ្ងៃ​ណា ដល់​ថ្ងៃ​ណា​នោះ​ទេ​។

 

​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ អ្នកនាំពាក្យ គ​.​ជ​.​ប លោក​ហង្ស ពុទ្ធា ថ្លែងថា គ​.​ជ​.​ប នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៩ ឧសភា ដើម្បី​ពិភាក្សា​សំណើ​របស់​គណ​បបក្ស​សង្គ្រោះ​ជាតិ​។ ចំពោះ​លទ្ធផល​យ៉ាងណា នោះ គ​.​ជ​.​ប នឹង​ឲ្យដឹង​នៅថ្ងៃនោះ​។​

 

​សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ ឧសភា សហជីព​សេរី​កម្មករ ក៏​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​អន្តរាគមន៍​ទៅ​ម្ចាស់​រោងចក្រ សហគ្រាស សណ្ឋាគារ និង ភោជនីយដ្ឋាន បើក​ប្រាក់​ឈ្នួល​មុន​កំណត់​ដល់​កម្មករ និយោជិត ដើម្បី​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត ព្រមទាំង​ត្រូវ​រក្សា​នូវ​ប្រាក់​បំណាច់​ផ្សេងៗ របស់​កម្មករ​សម្រាប់​ទៅ​ចូលរួម​បោះឆ្នោត​។

សហជីព​សេរី​កម្មករ​ក៏​បាន​បញ្ជាក់ទៀតថា បញ្ហា​កម្មករ​មិន​មាន​ពេល​ឈប់​គ្រាន់​គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ជា​រឿង​មួយ តែ​បញ្ហា​កម្មករ​មិនមាន លុយ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត ដោយសារតែ​មិន​ទាន់​បើក​ប្រាក់ខែ​ជា​រឿង​មួយ​ផ្សេងទៀត ដែល​សហជីព​ក៏​បាន​សម្ដែង​ការបារម្ភ​ផង​ដែរ​។​

 

​ការបារម្ភ​របស់​គណ​បក្សប្រឆាំង និង​សហជីព ស្របពេល​ដែល​កម្មករ​មួយចំនួន​អះអាងថា ថៅកែ រោងចក្រ​មិន​ឲ្យ​ពួក​គេ​ឈប់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ឡើយ​។ ក្នុងពេល​ជាមួយគ្នា មាន​សហគ្រាស​ខ្លះ​អនុញ្ញាត​ឲ្យ​កម្មករឈ​ប់​សម្រាក​បាន ២ ទៅ ៣​ថ្ងៃ ដើម្បី​ទៅ​បោះឆ្នោត​ដែរ ប៉ុន្តែ​សហគ្រាស​នោះ នឹង​កាត់​ការ​ឈប់សម្រាក​ប្រចាំឆ្នាំ​ជំនួស​វិញ​។​

 

​សម្រាប់​លោក​អាត់ ធន់ ប្រធាន​សហព័ន្ធ​សហជីព​កម្ម​ការ​កម្ពុជា បាន​គាំទ្រ​សំណើ​របស់​គណបក្សប្រឆាំង និង​សហជីព​សេរី​កម្មករ ហើយ​សហព័ន្ធ​សហជីព​របស់លោក ក៏​បានស្នើ​ពី​បញ្ហា​ដូចគ្នា​នេះ ទៅ​ក្រសួង​ការងារ​រួចហើយ​ដែរ ប៉ុន្តែ​មក​ដល់ពេលនេះ នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ទេ​។ លោក​អាត់ ធន់ បាន​ប៉ាន់ប្រមាណ​ថា បើ​ការ​ឈប់សម្រាក់​សម្រាប់​ការបោះឆ្នោត​មាន​តែ​មួយ​ថ្ងៃ រួម​ទាំង​ការ​មិន​បើក​ប្រាក់ខែ​មុន​កំណត់​ដល់​ពួកគាត់ ឬ​មាន​ការ​កាត់​ការ​ឈប់សម្រាក​ប្រចាំឆ្នាំ នោះ​កម្មករ​អាច​នឹង​បោះបង់​សិទ្ធិ​បោះឆ្នោត​ចន្លោះ​ពី​២០ ទៅ​៣០%​យ៉ាងតិច​…….

សំឡេង​លោក​អាត់ ធន់​៖

 

​នៅ​មិនទាន់​មាន​ការបញ្ជាក់​យ៉ាង​ណា​ពី​ក្រសួង​ការងារ​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២៨ ឧសភា​នេះ​។​ព្រោះ​លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ​បាន​ឡើយ​។​

 

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ មិថុនា ដោយមាន គណបក្សនយោបាយ​ចំនួន​១២ ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​យក​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ សរុប​ទាំងអស់​មាន​១.៦៤៦​ឃុំ​-​សង្កាត់ នៅ​ទូទាំង​ប្រទេស​៕

 ពាក្យគន្លឹះ  លោកអាត់ ធន់

ព័ត៌មានផ្សេងទៀត