ការកេងប្រវ័ញ្ច​ពលកម្ម​និង​ជួញដូរ​កុមារ​នៅ​កម្ពុជានៅតែ​ជា​ក្តីបារម្ភ​

27-05-2017 5:10 pm 4463

ឆ្នាំនេះ ទិវា​កុមារ​កម្ពុជា និង​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា នឹង​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ “​លើកកម្ពស់​ការចូលរួម​របស់​កុមារ ដើម្បី​អភិវឌ្ឍន៍​សង្គម​” និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម​ប្រធានបទ​“​សូម​ការពារ​កុមារ​ពី​ពលកម្ម​កុមារ នៅក្នុង​ស្ថានភាព​ជម្លោះ និង​គ្រោះមហន្តរាយ​” ដើម្បី​រម្លឹក​ដល់​សិទ្ធិ​មូលដ្ឋាន របស់​កុមារ ជាពិសេស ជំរុញ​កុមារ​ឲ្យបាន​ចូលរួម​គ្រប់​សកម្មភា​ព ដែល​មាន​ផលប្រយោជន៍ ដល់​សង្គម និង​ការពារ​កុមារ ពី​ពលកម្ម​កុមារ​គ្រប់​ទម្រង់​។

​ទាក់ទង​នឹង​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​នេះ លោក​អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​លីកាដូ បានបញ្ជាក់​ថា បច្ចុប្បន្ននេះ បើទោះបីជា រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នានា បាន​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ក្នុង​ការលើកកម្ពស់​សិទ្ធិកុ​មារ យ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​សង្កេតឃើញថា កុមារ​មួយចំនួន នៅតែ​ប្រឈម​នឹង ការកេងប្រវ័ញ្ច​ពលកម្ម​កុមារ ដូចជា​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ សហគ្រាស​ផ្សេង និង​នៅតាម​ផ្ទះ​ជា​ដើម​។ ជាមួយគ្នានេះ កុមារ​ខ្លះ​ទៀត នៅតែ​រងគ្រោះ ដោយសារ​ការរំលោភបំពាន​លើ​រូបរាងកាយ ការជួញដូរ និង​ការរង​នូវ​អំពើហិង្សា​នានា​ជាដើម​។​

​នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃនេះ កុមារ​តូច ត្រូវបាន​គេ​មើលឃើញថា ត្រូវបាន​ឪពុក​ម្តាយ បញ្ជូន​ឲ្យ​ដើរ​លក់ដូរ នៅ​តាម​ភោជនីយដ្ឋាន​នានា រហូតដល់​ពាក់កណ្តាល​យប់ ដែល​ធ្វើឲ្យ​កុមារ​ទាំងនោះ ប្រឈម​ទៅ​នឹង​សន្តិសុខ​សុវត្ថិភាព និង​ការបោះបង់​ការសិក្សា​ជាដើម​។ ខ្លះទៀត ត្រូវបាន​បញ្ជូន​ឲ្យ​ដើរ​សុំទាន និង​លក់ដូរ​នៅតាម​ភ្លើងស្តុប​។ សកម្មភាព​បែប​នេះ គឺជា​ការ​កេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ ដែល​ចាំបាច់​ត្រូវមាន​វិធានការ​ទប់ស្កាត់ ពី​អាជ្ញាធរ ក៏ដូចជា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ នេះ​ជា​ការអះអាង​ពី​លោក​អំ សំអាត​។​

​សំឡេង

​ក្នុង​ការលុបបំបាត់​លើ ការ​កេងប្រវ័ណ្ឌ​ពលកម្ម​កុមារ សាលា​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​សហការ​អនុវត្ត​ជាមួយ​មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​នានា ក្នុង​ការចាត់វិធានកា​រ​អប់រំ ណែនាំ និង​ដាក់​ទោសទណ្ឌ ទៅលើ​ជន​ឆ្លៀតឱកាស ដែល​កេងចំណេញ ទៅលើ​ពលកម្ម​កុមារ​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​

សំឡេង

​បើទោះបីជា​មាន​ការអះអាង​ពី​ការចាត់វិធានការ លុបបំបាត់​ការ កេងប្រវ័ញ្ច​ពលកម្ម​កុមារ យ៉ាងណាក្តី ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើថា នៅ​មាន​កុមារ​មួយចំនួន នៅតែ​បន្ត​សកម្មភាព លក់ដូរ សុំទាន នៅតាម​ភ្លើងស្តុប និង​ហាង​ដដែល​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​ម៉េត មាស​ភក្តី បាន​ទទួលស្គាល់​ពិតជា​នៅ​មិនទាន់​ទទួល បាន​លទ្ធផល​ល្អ ប៉ុន្តែ​លោក​អះអាងថា សាលា​រាជធានី​ភ្នំពេញ និង​អង្គការ ស្ថាប័ន​ពាក់ព័ន្ធ​នានា នឹង​រួម​គ្នា​បន្ត​អនុវត្ត ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​។​

សំឡេង​

​បើ​តាម​ការបញ្ជាក់ នៅ​ក្នុង​សារលិខិត របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល ក្នុង​ឱកាស​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា បានឲ្យដឹងថា កុមារ​ត្រូវការ​ចាំបាច់ នូវ​ការអភិវឌ្ឍ​ផ្នែក​រាងកាយ បញ្ញា ស្មារតី និង​ការសិក្សា​រៀនសូត្រ ហេតុនេះ កុមារ​ត្រូវការ​ការថែទាំ ការជួយ​ទំនុកបម្រុង​ពី​គ្រួសារ និង​សង្គម ជាពិសេស លើកកម្ពស់​ការចូលរួម​របស់​កុមារ ដែល​ជា​ការរៀនសូត្រ ដើម្បី​អភិវឌ្ឍ​ខ្លួន និង​ត្រៀម​ខ្លួន​ក្លាយជា​មនុស្ស​ពេញវ័យ​ប្រកបដោយ​សមត្ថភាព និង​ជា​ពលរដ្ឋ​ដ៏​សកម្ម​។ ការងារ​នេះ អាចអនុវត្ត​បាន​ជោគជ័យ អាស្រ័យ​ដោយ​មាន​គោលនយោបាយ និង​មាន​ការវិនិយោគ ដ៏​សមស្រប​សម្រាប់​កុមារ និង​គ្រួសារ ដើម្បី​កសាង​ធនធានមនុស្ស ប្រកបដោយ​សក្តានុពល​សម្រាប់​អភិវឌ្ឍន​ប្រទេស​៕ ដោយៈ​សៅ​វិសាល​

 ពាក្យគន្លឹះ  ពលកម្មកុមារ

ព័ត៌មានផ្សេងទៀត