អាករ​១​ដុល្លារ​ពី​អ្នក​ទិញ​សំបុត្រ​យន្តហោះ​នឹង​យក​ទៅ​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​សំរាម​

23-05-2017 4:41 pm 2300
ការចោលកាកសំណល់រឹងនិងរាវក្នុងទីប្រជុំជនកន្លងមក

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កងទ័ព​កងពល​តូច​ថ្មើរជើង​លេខ​៧០ ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ បានលើកឡើង​ពី​ការសម្រេច​ស្នើសុំ​ឱ្យ​មាន​ការដក​អាក​រ ១​ដុល្លារ​អាមេរិក ពី​អ្នកទិញ​សំបុត្រ​យន្តហោះ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ។ 

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ប្រាប់ថា ការ​ដាក់​តម្លៃ​សេវា​បន្ថែម​ទៅ​លើ​ការ​អ្នកធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​នោះ គឺ​ដើម្បី​ស្វែងរក​ថវិកា​បន្ថែម ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ការ​គាំពារ​បរិស្ថាន ពិសេស​គឺ​ផ្តោតលើ​ការគ្រប់គ្រង​សំណល់​រឹង និង​រាវ នៅតាម​ទីប្រជុំជន និង​នៅតាម​តំបន់​ដែល​មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍ ដើម្បី​ជា​ការទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​បន្ថែម ។​

​លោក​បញ្ជាក់ថា ចំណូល​ដែល​នឹង​បាន​ពី​ការ​យក​សេវា​បន្ថែម​នោះ នឹង​យក​ទៅ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់ ដូចជា ប្រព័ន្ទ​លូ ឬ​អាចជា​អាង​ប្រព្រឹត្តិកម្ម​នៅតាម​តំបន់ឆ្នេរ និង​ជា​ពិសេស គឺ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំណល់​រឹង​និង​សំរាម​នៅតាម​ទីប្រជុំជន ។​

« យើង​សង្ឃឹមថា ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំណល់​រឹង និង​រាវ នៅតាម​ទីប្រជុំជន និង​តាម​តំបន់​ទេសចរណ៍ នឹង​អាច​កើនឡើង បើសិនជា​យើង​មានលទ្ធភាព​ថវិកា​បន្ថែ​ម​ទៀត ពីព្រោះ សព្វថ្ងៃ​យើង​នៅ​ខ្វះខាត​ផ្នែក​ធនធាន និង​ថវិកា​នៅឡើយ » លោក​បាន​បន្ថែម ។​

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​រូបនេះ បានបញ្ជាក់​ថា ការអនុវត្ត​ការ​បង់ថ្លៃ​សេវា​សំរាម​នៅ​តាម​ទីប្រជុំជន​តាមរយៈ​វិក័យប័ត្រ​ភ្លើង មាន​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ឯ​ទី​ប្រជុំជន ឬ​តំបន់​ទីក្រុង​មួយ​ចំនួន​ផ្សេង​ទៀត យើង​មិន​អាច​ទៅ​អនុវត្ត​ឱ្យ​ដូច​នៅ​ទីក្រុង​ភ្នំពេញ​បានឡើយ ដូច្នេះ​យើង​ត្រូវការ​លទ្ធភាព​ថវិកា​ដើម្ប​មក​ផ្គត់ផ្គង់​បន្ថែម ៕​

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  ក្រសួងបរិស្ថាន

ព័ត៌មានផ្សេងទៀត