ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ មូលនិធិដុនបូស្កូកម្ពុជា បានបើកដំណើរការមជ្ឈមណ្ឌលកុំព្យូរទ័រដែលទើបនឹងជួសជុលថ្មីរបស់ខ្លួន ក្រោមការជួយឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ (PPCC) នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ដុនបូស្កូ (Don Bosco) សាខាវត្តសំរោងអណ្តែត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមការឱ្យដឹងពីលោកឪពុក រ៉ូអែលសូតូ ប្រធានមូលនិធិ ដុនបូស្កូ កម្ពុជា បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ដុនបូស្កូ (Don Bosco) មានសិស្សានុសិស្សចំនួន ៥០០នាក់ ។ ពួកគេនឹងមានលទ្ធភាពអភិវឌ្ឍជំនាញបច្ចេកវិទ្យា (IT) របស់ខ្លួន នៅក្នុងបន្ទប់ដែលបំពាក់ទៅដោយកុំព្យូទ័រទំនើបជាងមុន ។
យ៉ាងណាម៉ិញ លោក ឪពុក រ៉ូឯល បានប្រាប់ថា មូលហេតុដែលយើងផ្តើមបង្កើតនូវមជ្ឈមណ្ឌលកុំព្យូទ័រនេះឡើង ព្រោះដោយសារតែយើងមើលឃើញថា បច្ចេកវិទ្យាឌីជីថលនៅទូទាំងពិភពលោកកំពុងមានការរីកចម្រើនជាលំដាប់ ដូច្នេះ វាមានសារសំខាន់ខ្លាំងណាស់ ដែលត្រូវអភិវឌ្ឍសិស្សរបស់យើងឱ្យមានជំនាញបច្ចេកវិទ្យា (IT) ដើម្បីដើរតាមទាន់ការវិវដ្ដរបស់ពិភពលោក ។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលថ្មីនេះ នឹងធានាបានថា សិស្សានុសិស្សរបស់យើងនឹងមានសមត្ថភាពកាន់តែល្អប្រសើរថែមទៀត ។
លោក ឪពុក រ៉ូឯល បន្តថា « ក្នុងនាមជាអង្គការមិនស្វែងរកប្រាក់ចំណេញ យើងសូមអរគុណចំពោះការគាំទ្ររបស់អ្នកគ្រប់គ្នាដែលបានចែករំលែកចក្ខុវិស័យរបស់យើងសម្រាប់ការគាំពារ បង្ហាត់បង្រៀន និងអភិវឌ្ឍយុវជននៅក្នុងប្រទេសកម្ពុជា ។ ហើយខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ចំពោះសណ្តានចិត្តសប្បុរសធម៌របស់ពួកគេផងដែរ » ។
លោកស្រី លូ ម៉ៃឆេល នាយកប្រតិបត្តិក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័របានថ្លែងប្រាប់ថា « ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រយើងមានមោទនភាពណាស់ ដែលបានចូលរួមគាំទ្រកិច្ចការដ៏អស្ចារ្យរបស់មជ្ឈមណ្ឌលដុនបូស្កូ នៅក្នុងប្រទេសកម្ពុជា ។ តាមរយៈការឧបត្ថម្ភសិស្សានុសិស្ស ២០រូប ឱ្យបន្តការសិក្សា និងឧបត្ថម្ភសម្ភារបរិក្ខារកុំព្យូទ័រសម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលនៅរាជធានីភ្នំពេញនេះ យើងជឿជាក់ថា យុវជនកម្ពុជាជំនាន់ក្រោយៗនឹងមានអនាគតល្អប្រសើរ » ។
ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅពីក្រោយគម្រោងអភិវឌ្ឍន៍ផ្ទៃដី១១១ហិកតា នៅចំកណ្តាលរាជធានីភ្នំពេញនោះ បានផ្តល់ថវិកាជាង១០០,០០០ដុល្លារ ដល់សាលាដុនបូស្កូ សម្រាប់ការជួសជុលមជ្ឈមណ្ឌលកុំព្យូទ័រ ឧបត្ថម្ភគ្រឿងបរិក្ខារ និងរួមទាំងអាហារូបករណ៍ដល់សិស្សានុសិស្សចំនួន២០រូប សិក្សារយៈពេលពីរឆ្នាំផងដែរ។
គួរបញ្ជាក់ថា ដុនបូស្កូកម្ពុជាបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩០ និងបានបង្កើតបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្នុងនោះ ដុនបូស្កូ បានដំណើរការមជ្ឈមណ្ឌលរបស់ខ្លួន ក្នុងខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងខេត្តកែប ក្នុងគោលបំណងដើម្បីជួយដល់យុវជនដែលងាយរងគ្រោះបំផុតមួយចំនួន នៅក្នុងប្រទេសកម្ពុជា ៕
ចម្រៀងលោកឪពុកបូស្កូ ដោយសិស្សនិស្សិតដុនបូស្កូ ៖
(រាយការណ៍ដោយ៖ គង់ ឧត្តម)