ពាក្យ​​«​យាម​» មានន័យ​​ដូចម្តេច​ខ្លះ​?​

21-05-2017 9:36 am 2402

​វចនានុក្រម​ខ្មែរ បាន​ពន្យល់​លើ​ពាក្យ​នេះ​ដូចតទៅ​៖

​ន័យ​ទី​១ «​យាម​» (​ន​)=​ប្រដាប់​របស់​នង្គ័ល​ដែល​ភ្ជាប់​ផ្នៀង និង​ដង​មាន​សណ្ឋាន​រៀវ​ខាងចុង រាង​កោង​ស្រួច​មក​ខាងក្រោយ​សម្រាប់​កាន់​ភ្ជួរ​: យាម​នង្គ័ល​។​

ន័យ​ទី​២ «​យាម​» (​ន​)=​វេលា​ដែល​បែង​ជា​សង្កាត់ៗ​ក្នុង​ថ្ងៃមួយៗ​,​បើ​គិត​ជា​ម៉ោង​មាន​បី​ម៉ោង​ឬ​បួន​ម៉ោង​,​ក្នុង​ថ្ងៃមួយ​យប់​មួយ​មាន​៨​យាម​ឬ​៦​យាម​ត្រូវជា​២៤​ម៉ោង ហៅ​រួម​ថា​មួយថ្ងៃ​។ ក្នុង​សម័យ​បុរាណ​ច្រើន​ប្រើ​ហៅថា យាម ក្នុង​វេលា​យប់ មួយ​យប់​មាន​បី​យាម យាម​ទី​១ ហៅ​ថា​បឋមយាម យាម​ទី​២​ហៅ​ថា​មជ្ឈឹម​យាម និង​យាម​ទី​៣ គឺ​បច្ឆឹម​យាម (​ក្នុង​យាម​មួយៗ​មាន​៤​ម៉ោង​)​។ យាម​យោគ ដំណើរ​ប្រកប​ផ្សំ​តាម​ពេល​យាម គឺ​ការ​កំណត់​ពេល​យាម​ថា​មានជោគ​ល្អ ឬ​ការ​ទាយ​តាម​ពេល​យាម​។​យាម​យោគយាត្រា គឺ​ដំណើរ​ចេញ​ចរ​, ការ​ចេញ​ដើរ​, តាម​យាមយោគ​គឺ​ការពិនិត្យ​មើល​ពេល តាម​ក្បួនតម្រា​រួច​ទើប​ចេញ​ដើរ​។ ចាប់​យាម គឺ​សង្កេត​ពេល​យាម​តាម​ក្បួនតម្រា​ហើយ​ទាយ​តាម​ក្បួន​ប្រាប់​ពិត​ខ្លះ មិន​ពិត​ខ្លះ​។​

ន័យ​ទី​៣«​យាម​» (​ន​)=​គឺ​ថង់​សំពត់​មាន​ដៃ​ឬ​យោគ​ស្ពាយ​បាន :​ស្ពាយ​យាម ឬ​ថង់យាម​។​

ន័យ​ទី​៤«​យាម​» (​កិ​)=​ចាំ​រក្សា ឬ​ក្រវែល​ឃ្លាំ​មើល​ដោយ​ការ​ប្រយ័ត្ន​ក្នុងពេល​មាន​កំណត់ :​យាម​ឃ្លាំង​,​យាម​ផ្លូវ​,…​។​យាម​ល្បាត គឺ​ល្បាត​ឃ្លាំ​មើល​ក្នុង​ពេល​មានកំណត់​។​
​ចំណែក​មួយ​ទៀត​គឺ​«​យា​មៈ​» (​បាលី​.​យាម​) ឈ្មោះ​កាមាវចរ​សួគ៌ ជាន់​ទី​៣: ឋាន​យាមៈ​។​យាម​ទេព ឬ​យាមទេវតា គឺ​ទេវតា​នៅ​ឋាន​យាមៈ​។

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ទំព័រ​៩៤៧-៩៤៨)

​ដោយ​៖​ខាត់ សុធី

 ពាក្យគន្លឹះ  អក្សរសាស្ត្រខ្មែរ

ព័ត៌មានផ្សេងទៀត