UN​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​មួក​ខៀវ​កម្ពុជា​និង​ម៉ារ៉ុក​ដែល​បានព​លី​ជីវិត​

13-05-2017 11:22 am 3371

​បើ​តាម​ប្រភព​ព័ត៌មាន ពី​នាយទាហាន នៅ​សាធារណរដ្ឋ​អាហ្វ្រិច​កណ្តាល បានឲ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​១២ ឧសភា នៅ​ទីបញ្ជាការ​អង្គការសហប្រជាជាតិ​(UN) សាធារណរដ្ឋ​អាហ្វ្រិច​កណ្តាល បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា និង​ម៉ារ៉ុក ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​មនុស្សធម៌​ពិភពលោក ដោយ​ការវាយប្រហារ របស់​ក្រុម​ឧទ្ទាម​។

​សូមបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​០៨ ឧសភា មាន​ការវាយប្រហារ​មួយ លើ​ក្បួន​យុទ្ធ​ដំណើរ​របស់ កម្លាំង Minusca របស់​អង្គការសហប្រជាជាតិ ពី​សំណាក់​ក្រុម​ឧទ្ទាម បណ្តាលឲ្យ​កម្លាំង​មួក​ខៀវ​កម្ពុជា​ម្នាក់ ស្លាប់​នៅនឹងកន្លែង ម្នាក់​រងរបួស និង​បាត់​ខ្លួន​៣​នាក់​។ ប៉ុន្តែ​អ្នក​បាត់​ខ្លួន​ទាំង​៣​នាក់​នោះ បាន​ស្លាប់ បន្ទាប់ពី​រកឃើញ​សាកសព ចម្ងាយ​២​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​។​

ទាហាន​មួក​ខៀវ​ទាំង​៤​នាក់ ដែល​ត្រូវ​ពួក​ឧទ្ទាម​សម្លាប់ ខណៈ​កំពុង​បំពេញ​បេសកកម្ម​នោះ រួមមាន​១. លោក​អនុសេនីយ៍ទោ អ៊ឹម សំ ស្រុកកំណើត​នៅ​ខេត្តសៀមរាប ជា​អ្នកបើករថយន្ត ២. លោក​អនុសេនីយ៍ឯក ម៉ៅ អេង នៅ​រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ពេទ្យ ៣. លោក​ព្រិន្ទបាលទោ ស៊ា​ង នរិន្ទ នៅ​ខេត្ត​កំពត ជា​ជំ​នួន​ការត្រួតពិនិត្យ​គុណភាព និង​៤. លោក​ព្រិន្ទបាលទោ មុំ តុលា ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ជា​ជំនួយ​ការបើកបរ​។​

​យ៉ាងយូរ​ពីរ​សប្ដាហ៍​ទៀត សព​ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​៤​នាក់ អាច​នឹង​បញ្ជូន​មកដល់​កម្ពុជា​វិញ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  កងទ័ពមួកខៀវកម្ពុជា

ព័ត៌មានផ្សេងទៀត