ឡាវ​ប្រាប់​កម្ពុជា​​ថា​គ្មាន​ការ​ប៉ះពាល់​គ្នា​​នៅតាម​ព្រំដែន​ទេ​​

11-05-2017 11:10 am 2731

​នាយករដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក​ថង​លួ​ន ស៊ី​សូលី​ត បាន​ថ្លែង​ប្រាប់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ថា ព័ត៌មាន​ពី​ការប៉ះពាល់​គ្នា​រវាង​កម្ពុជា និង​ឡាវ​នៅតាម​តំបន់​ព្រំដែន​កន្លងមក គ្រាន់តែ​ជា​ពាក្យ​ចរចា​ម​អារាម​តែប៉ុណ្ណោះ ហើយ​ព័ត៌មាន​នោះ ក៏​គ្មាន​អ្វី​ប៉ះពាល់​ដល់​មិត្តភាព រវាង​ប្រទេស​ទាំង​ពីរ​នោះដែរ​។ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ឡាវ​បែបនេះ ធ្វើឡើង ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​រសៀល​ថ្ងៃ​ទី​១០ ខែ ឧសភា​ឆ្នាំ​២០១៧ នា​វិមាន​សន្តិភាព​។​

 

​លោក​ថង​លួ​ន ស៊ី​សូលី​ត​បាន​បញ្ជាក់ថា ការងារ​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​ឡាវ ដែល​បាន​ព្រមព្រៀង​គ្នា​ហើយ​នោះ គឺ​ត្រូវ​បន្ត​ការងារ​ទៅ​មុខ​ដដែល​។ ប៉ុន្តែ​បើ​កិច្ចការ​ណា​ដែល​មិនទាន់​ដំណើរការ នោះ​ភាគី​ទាំង​ពីរ​នឹង​ពិនិត្យមើល​ឡើងវិញ​។​

 

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ប្រាប់​ទៅ​ភាគី​ឡាវ​លើ​ការងារ​ដែល​នៅ​សេសសល់​ត្រូវតែ​ជំរុញឲ្យបាន​លឿន ដើម្បី​រៀបចំ​ឲ្យមាន​ការវិវឌ្ឍន៍​ឆាប់រហ័​ស​ទៅ​មុខ​ទៀត ។ ជាពិសេស​ការជួយ​សម្រួល​ឲ្យ​ប្រជាជន​រស់នៅ​តាម​ព្រំដែន បាន​ធ្វើដំណើរ​ឆ្លងកាត់​ទៅវិញទៅមក ដោយ​អាច​ប្រកប​របរ​ផ្សេងៗ​កាន់តែ​ងាយស្រួល ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរឡើង​។​

 

​បើ​តាម​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន កម្ពុជា​-​ឡាវ កម្ពុជា​និង​ឡាវ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង​៥៤០​គីឡូម៉ែត្រ ដែល​បាន​ព្រមព្រៀងគ្នា បោះបង្គោល​ព្រំដែន​ប្រមាណ​១៤៥​បង្គោល ។ ប៉ុន្តែ​មកទល់​ពេល​នេះ ភាគី​ទាំងពីរ បាន​បោះបង្គោល​ចំនួន​១២១ ដើម​ហើយ ដែល​ស្មើនឹង​៨៣​ភាគរយ ។ ចំណែក​ទីតាំង​បង្គោល​ចំនួន​២៤​ទៀត ដែល​កំពុង​សម្របសម្រួល​រៀបចំ​បោះ​នោះ គឺ​ស្ថិតក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង​។​

សូមបញ្ជាក់​ថា កន្លង​មក​យោធា​ការពារ​ព្រំដែន​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង អះអាងថា យោធា​ឡាវ ប្រដាប់​ដោយ​អាវុធ បាន​សង់​លេណដ្ឋាន និង​បង្កើន​កម្លាំង​ទ័ព​ឈរជើង នៅលើ​កោះ​ឫស្សី ក្នុង​ទឹកដី​កម្ពុជា និង​ព្យាយាម​រារាំង កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ​។ ករណី​ដោយឡែក​ផ្សេង​មួយទៀត អាជ្ញាធរ​ឡាវ បាន​សង់​ប៉ុស្តិ៍​ព្រំដែន​ស្ថិត នៅ​តំបន់​ដែល​ពុំ​ទាន់​វាស់វែង កំណត់​បង្គោល​ព្រំដែន​ជា​ផ្លូវការ នៃ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខែត្រ​ស្ទឹងត្រែង​។ ដោយ​មន្ត្រី​យោធា​កម្ពុជា ចាត់​ទុក​បញ្ហា​នេះ ជា​ចេតនា​បំពាន​អធិបតេយ្យភាព​របស់​កម្ពុជា និង​រំលោភ​ស្មារតី​កិច្ចចរចា​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​៕

 

​ដោយ​៖​ខាត់ សុធី​
 

 ពាក្យគន្លឹះ  កម្ពុជា-ឡាវ

ព័ត៌មានផ្សេងទៀត