ក្រសួង​វប្បធម៌​​ឲ្យ​បញ្ឈប់​ការ​​Upload ស្នាដៃ​​ភាពយន្ត​ ចំរៀង ​លើ​Facebook​ និង​Youtube​

09-05-2017 4:29 pm 760

​ដោយសារ​កន្លងមក មានការ​Upload​ស្នាដៃ​ភាពយន្ត ចម្រៀង​កាយវិការ យ៉ាង​អានាធិបតេយ្យ​នៅលើ​បណ្តាញ​សង្គម​Facebook ឬ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​(Youtube) ដែល​នឹង​ធ្វើឲ្យ​ខាតប្រយោជន៍ ដល់​ម្ចាស់​ស្នាដៃ អ្នកនិពន្ធ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ស្នើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​រាល់​ការដាក់បញ្ចូល​(Upload) ស្នាដៃ​ភាពយន្ត ចម្រៀង​កាយវិការ​នៅលើ​បណ្តាញ​សង្គម​Facebook ឬ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​(Youtube) ជា​បន្ត​ទៀត​។​

 

​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចុះហត្ថលេខា​ដោយ​លោកស្រី​ភឿង សកុណា នៅ​ថ្ងៃ​ទី​០៩ ឧសភា​នេះ បញ្ជាក់ថា ការ​Upload​ស្នាដៃ​ភាពយន្ត ចម្រៀង​កាយវិការ នៅលើ​បណ្តាញ​សង្គម​Facebook ឬ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​(Youtube) មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នាពេល​បច្ចុប្បន្ន​នេះ មិន​មាន​ការអនុញ្ញាតិ​ពី​ម្ចាស់​ស្នាដៃ និង​មិន​មាន​ទិដ្ឋាការ​អនុញ្ញាតិ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទេ ដែល​ករណី​នេះ បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល និង​អនុក្រិត្យ​ស្តីពី​ការគ្រប់​គ្រង​ឧស្សាហកម្ម​ភាពយ​ន្ត​។​

 

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមាន​ថា បើ​ក្នុង​ករណី​ពិនិត្យ​ឃើញ​មាន​ការរំលោភ ផ្ទុយ​ពី​អ្វី​ដែល​ក្រសួង​បាន​ជូនដំណឹង​ខាងលើ ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​បុគ្គល​ទាំងនោះ​។​

គេ​នៅ​ចាំ​មើល​ថា​ចំណាត់ការ​ផ្លូវ​ច្បាប់​របស់​ក្រសួង​អាច​មាន​ប្រសិទ្ធភាព ឬទេ​? ខណៈ​មជ្ឈដ្ឋាន​នានា នៅលើ​បណ្តាញ​សង្គម​Facebook រិះគន់ថា ការ​ចេញ​សេចក្តីជូនដំណឹង​នេះ ធ្វើឡើង​គ្រាន់តែ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។​

 

​យ៉ាងណា​វិទ្យុ​វាយោ​នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​ប្រសិទ្ធភាព នៃ​ចំណាត់ការ​ផ្លូវច្បាប់ យ៉ាងណា​នៅឡើយ​ទេ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​៕

ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  ក្រសួងវប្បធម៌

ព័ត៌មានផ្សេងទៀត