អាស៊ាន​បង្ហាញ​ក្ដីបារម្ភ​​ពី​កម្មវិធី​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​​និង​ស្នើ​ឲ្យ​អត់ធ្មត់​

29-04-2017 10:02 am 2449
ការបាញ់​សាកល្បង​អាវុធ​កូរ៉េខាងជើង

​តាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ មន្ដ្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពិតជា​បារម្ភ​យ៉ាងខ្លាំង​ទៅលើ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ព្រមទាំង​ជំរុញ​ឲ្យ​គោរព​តាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​រដ្ឋមន្ដ្រីការបរទេស​មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បានចេញ​សេចក្ដីថ្លែងការណ៍​នៅ​មុន​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​ប្រចាំឆ្នាំ នៅក្នុង​ទីក្រុង​ម៉ានីល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៩​មេសា​នេះ​។​

​អត្ថន័យ​នៅក្នុង​សេចក្ដីថ្លែងការណ៍​បានឲ្យដឹង​ទៀត​ថា អាស៊ាន​គិតថា​ស្ថេរភាព​នៅលើ​ឧបទ្វីប​កូរ៉េ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​តំបន់ និង​នៅ​តំបន់​ផ្សេងទៀត​។​អាស៊ាន​បាន​អំពាវនាវ​សុំឲ្យ​កូរ៉េខាងជើង​ត្រូវគោរព​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន ស្ថិតក្រោម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​

​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ កើតឡើង​ចន្លោះពេល​មាន​ការបារម្ភ​ផងដែរ ពី​លទ្ធភាព​ដែល​អាមេរិក​អាច​ប្រើ​វិធានការ​យោធា ប្រឆាំង​ទីក្រុង​ព្យុង​យ៉ាង ក្នុងន័យ​ទប់ស្កាត់​ការគំរាមកំហែង​ដោយ​ប្រើ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​។​កូរ៉េខាងជើង​ប្ដេជ្ញា​ឆ្លើយតប​ទៅ​វិញ នូវ​អ្វី​ដែល​គេ​ចាត់ទុកថា​ជា​សង្គ្រាម​ឈ្លានពាន​របស់​ទីក្រុង​វ៉ាស៊ីនតោន ជាមួយនឹង​ការវាយប្រហារ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដ៏​ទំនើប​។​

​ឃើញ​ស្ថានការណ៍​បែបនេះ រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​បាន​ជំរុញ​ផង​ដែរ ឲ្យ​កូរ៉េ​ខាងជើង​និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​អត់ធ្មត់ ព្រោះ​បើ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ស្ថានភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​នឹង​ធ្លាក់​ក្នុង​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។​ការចាប់ផ្ដើម​កិច្ចពិភាក្សា​កាត់បន្ថយ​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ និង​បង្កើត​លក្ខខណ្ឌ​សន្ដិភាព ស្ថេរភាព ក៏​ជា​អ្វី​ដែល​អាស៊ាន​ចង់បាន​ដែរ​។​

​សូមបញ្ជាក់​ថា បើ​តាម​សេចក្ដីថ្លែងការណ៍​រួម​ចេញ​ដោយ​មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​កាលពី​ថ្ងៃ​ទី​២៦​មេសា លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ចង់​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល តាមរយៈ​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​វិធានការ​ការទូត​។​អាមេរិក​ក៏​បើកទ្វារ​ស្វាគមន៍​ជានិច្ច កិច្ចចរចា​ដោះស្រាយ​បញ្ហា​។​ប៉ុន្ដែ​វិធានការ​យោធា ក៏​មិន​ទាន់​ដកចេញ​វិញ​ដែរ គ្រាន់​តែ​លោក​ចង់​ដោះស្រាយ​ដោយ​សន្ដិវិធី​សិន​៕

 ពាក្យគន្លឹះ  អាស៊ាន-កូរ៉េខាងជើង

ព័ត៌មានផ្សេងទៀត