ថ្នាក់ដឹកនាំកំពូលកម្ពុជា វៀតណាម នៅថ្ងៃនេះភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើអនុស្សារណៈ នៃការយោគយល់ (MOU) ចំនួន៤ ដែលក្នុងនោះរួមមាន ទី១ អនុស្សារណៈនៃការយោគយល់គ្នាអំពីការសិក្សារួម ស្តីពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមីញ-ម៉ក់បៃ។
ទី២ អនុស្សារណៈនៃការយោគយល់គ្នាស្តីអំពី គម្រោងសាងសង់មជ្ឍមណ្ឌលផ្តល់សេវាដោយស្ម័គ្រចិត្ត ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ។
ទី៣ អនុស្សារណៈបន្តសុពលភាពនៃអនុស្សារណៈ កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជលផល និងទី៤ អនុស្សារណៈនៃការយោគយល់គ្នាស្តីអំពីការគាំទ្រការសាងសង់ មហាវិថីមិត្តភាព ភ្នំពេញ ហាណូយ។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាព្រំដែនវិញ រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា ដោយអនុញ្ញាតឱ្យគណៈកម្មការព្រំដែន បន្តធ្វើការជាមួយគ្នា ក្នុងនោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តកសាងស្ពាននៅតំបន់ផ្សេងទៀត។ ប្រទេសវៀតណាម ក៏បានផ្តល់ថវិកា២លានដុល្លាដល់កម្ពុជាសម្រាប់សាងសង់ផ្សារ នៅ ខេត្តត្បូងឃ្មុំជាប់ព្រំប្រទល់ប្រទេសវៀតណាម។
ក្នុងជំនួបពិភាក្សានេះដែរ លោកហ៊ុន សែនក៏បានជំរុញឱ្យនាយករដ្ឋមន្ត្រីវៀតណាម ធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មតាមព្រំដែនមានភាពរលូន និងធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសុខសន្តិភាព និងរីកចម្រើន។
សូមបញ្ជាក់ផងដែរថា ការចុះអនុស្សារណៈយោគយល់រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកហ៊ុន សែន និងលោកង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាមនាវិមានសន្តិភាព នៅថ្ងៃទី២៥ មេសា នេះ៕