សាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅក្នុងរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។ ការអំពាវនេះ ធ្វើឡើងតាមរយៈលិខិតជូនដំណឹងចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។
ជាងនេះទៅទៀត សាលារាជធានីភ្នំពេញ ឲ្យប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គីសនី។ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ប៉ាតម្សៅ លាបធ្យូង ជាដើម..។
យ៉ាងណាក៏ដោយ នៅក្នុងឱកាសបុណ្យចូលឆ្នាំចំនួន៣ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរមណីយដ្ឋានវត្តភ្នំ នឹងរៀបចំតាំងពិពណ៌ម្ហូបអាហារ ផ្ទះបុរាណ និងលេងល្បែងប្រជាប្រិយផ្សេងៗ។ ក្នុងនោះដែរ គ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងដាក់សមត្ថកិច្ចប្រចាំការ២៤ម៉ោង ដើម្បីសុខសុវត្ថិភាព ជាពិសេសក្រុមពន្លត់អគ្គិភ័យ តែម្ដង ដើម្បីចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា…………………
សំឡេង៖
សូមបញ្ជាក់ថា ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ បានជួបជុំគ្រួសារសាច់ញាតិ ក្នុងឱកាសចូលឆ្នាំផងដែរ៕
ដោយ៖ សេង បារាំង