សៀវភៅ​​«​ស៊ី​ជីន​ភីង​៖​​អភិបាលកិច្ច​​ប្រទេស​ចិន​»​​នឹង​​បោះពុម្ពផ្សាយ​​លើកដំបូង​​នៅ​កម្ពុជា​

11-04-2017 9:47 am 3863
រូបភាពពី Fresh News

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​មេសា ឆ្នាំ​២០១៧​នេះ សៀវភៅ​ប្រធានាធិបតី​ចិន​លោកស៊ី ជិន​ពីង ដែល​មាន​ចំណងជើង​ថា «​ស៊ី ជិន​ពីង​៖ អភិបាលកិច្ច​ប្រទេស​ចិន​» ដែល​បកប្រែ​ជា​ភាសា​ខ្មែរ បានប្រកាសនឹង​បោះពុម្ពផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ទាំង​កម្ពុជា និង​ចិន បាន​អះអាង​ថា សៀវភៅ​នេះ  ជា​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយក៏​ជា​កម្លាំងចលករ​ថ្មី​សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

​ហេតុអ្វី​បានជា​ប្រទេស​ចិន​អាច​ទទួលបាន​ការអភិវឌ្ឍ​យ៉ាង​លឿន និង​ប្រកបដោយ​ស្ថិរភាព? ចម្លើយ​នេះ នឹង​មាន​នៅក្នុង​សៀវភៅ « ស៊ី ជីន​ភីង ៖ អភិបាលកិច្ច​ប្រទេស​ចិន »​។ នេះ​ជាការ​លើក​ឡើងរបស់​លោក​ជាំ​ង ជា​នគ័រ ប្រធាន​នៃ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន ដែល​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​ក្នុង​សៀវភៅ​នេះ បាន​ចងក្រង​នូវ​អត្ថបទ​ចំនួន ៧៩ អត្ថបទ​របស់​លោក​ស៊ី ជីន​ភីង ក្នុង​ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដល់​ខែ​មិថុនា ឆ្នាំ​២០១៤ ដែល​ក្នុងនោះ​រួមមាន​៖ សុន្ទរកថា សេចក្តី​បង្គាប់​បង្ហាញ និង​សារលិខិត​ជូនពរ​ជាដើម ។ បច្ចុប្បន្ន​សៀវភៅ​នេះ​បាន​បក​ប្រែជា ១៦​ភាសា ព្រមទាំង​បោះពុម្ព​ផ្សាយបាន​ចំនួន ៦ លាន ២ សែន​ក្បាល នៅលើ​សាកលលោក​ទាំងមូល​។​

​ក្នុង​សៀវភៅ​នេះ រួមមាន​ទាំង​គោលការណ៍​ណែនាំ​សំខាន់ៗ អំពី​គោលនយោបាយ​អភិបាលកិច្ច​រដ្ឋ​និង​ការគ្រប់គ្រង​នយោបាយ សុបិន​និង​ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​សាមញ្ញ មធ្យោបាយ​ល្អ​សម្រាប់​ដោះស្រាយ​បញ្ហាលំបាកៗ ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ​វែងឆ្ងាយ មាគ៌ា​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន ព្រម​ទាំង​ការ​គិតពិចារណា​អំពី​ការអភិវឌ្ឍ​របស់​ពិភពលោក និង​ជោគវាសនា​របស់​មនុស្ស​ជាតិ​ផង​ដែរ ។​

​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នៅ ក្នុង​ពិធី​ផ្សព្វផ្សាយសៀវភៅ​របស់លោក ស៊ី ជីន​ពីង​ថា៖ សៀវភៅ​នេះ​នឹង​បង្ហាញ​កាន់តែ​ច្បាស់​ពី​គោល​គំនិត​របស់​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ក្នុង​ការកែទម្រង់​អភិបាលកិច្ច​ប្រទេស​ចិន សម្រាប់​ឲ្យ​កម្ពុជា​រៀនសូត្រ​នឹង​ក្រេប​យក​បទពិសោធ​តាម​។ លោក​ថា សៀវភៅ​នេះ​ក៏បាន ឆ្លុះបញ្ចាំង​ពី​ទំនាក់​ទង​មិត្តភាព​កាន់តែ​ល្អ​ឡើង​រវាង ចិន និង​កម្ពុជា​ផង​ដែរ​។

​ជា​ចុងក្រោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា សិស្ស​និស្សិត​កម្ពុជា​ទាំងអស់ យក​សៀវភៅ​ជា​ខេមរភាសា​ស្តីពី អភិបាលកិច្ច​ប្រទេស​ចិន និង​ស្រង​យក​នូវ​ខ្លឹមសារ​សំខាន់ៗ និង​ទស្សនៈ​ល្អៗ យក​មក​អនុវត្តន៍​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កាន់តែ​រីកចម្រើន ៕

ព័ត៌មានផ្សេងទៀត