៥​ចំណុច​​សំខាន់ៗ​​សម្រាប់​ជំនួប​​លើកដំបូង​​រវាង​ប្រធានាធិបតី​​អាមេរិក​​និង​ចិន​

06-04-2017 3:49 pm 1605
រូបភាពប្រធានាធិបតីអាមេរិក(ឆ្វេង)និងប្រធានាធិបតីចិន

​ជំនួប​ថ្ងៃទី​៦-៧​មេសា​នេះ ជា​ជំនួប​កំពូល​លើក​ដំបូង ហើយ​មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​៥ ដែល​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ត្រូវ​លើកយក​មក​ពិភាក្សា​។​

៥​ចំណុច​សំខាន់ៗ​នោះ​មាន​៖

១ បញ្ហា​កូរ៉េខាងជើង

​មិនមែន​ទើបតែ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​កាលពី​ម្សិលមិញ​ទេ ដែល​ជំរុញ​ឲ្យ​លោកត្រាំ​ចង់​ជជែក​ជាមួយ​លោក​ស៊ី​រឿង​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង​។​តាមពិត​កម្មវិធី​អាវុធ​ប្រល័យ​លោក​កូរ៉េខាងជើង លោក​ត្រាំ​ចង់​ជជែក​ជាមួយ​លោក​ស៊ី ជីន​ពីង​យូរណាស់​មកហើយ​។​កូរ៉េខាងជើង​ជា​សម្ព័ន្ធមិត្ដ ទាំង​នយោបាយ និង​សេដ្ឋកិច្ច​ជាមួយ​ចិន ដូច្នេះ​ចិន​អាច​ជា​អ្នកដើរតួ​សំខាន់ ជំរុញ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែ​រ​។​

២ បញ្ហា​ពាណិជ្ជកម្ម​

​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក លោក​ត្រាំ​បាន​លើកឡើង​ម្ដង​ហើយ​ម្ដងទៀត វាយប្រហារ​ចិន​ចំពោះ​គោលនយោបាយ​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មោះត្រង់ ហើយ​ចោទ​ថា​ចិន​បាន​ព្យាយាម​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​អាមេរិក ដើម្បី​ទទួលបាន​ប្រយោជន៍​ក្នុង​ការនាំចេញ​។​ចាប់តាំងពី​ចូលកាន់​តំណែង​ក្នុង​សេត​វិមាន លោក​ត្រាំ​ជារឿយៗ​បាន​ព្រមាន​ថា​លោក​នឹង​ចាត់​វិធានការ​យ៉ាង​ធ្ងន់ធ្ង​រលើ​ពន្ធ​ទំនិញ​ចិន ប្រសិនបើ​ចិន​មិន​បង្កើន​ដំណើរការ​នានា​របស់​អា​មេរិក​ក្នុង​ទី​ផ្សារចិន​។​

៣ តៃវ៉ាន់​

លោក​ដូណាល់ ត្រាំ​បានធ្វើឲ្យ​ចិន​ខឹង​យ៉ាង​ខ្លាំង​ដោយ​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន បង្ហាញ​ជំហរ​រឹតចំណង​មិត្ដភាព ខុស​ពី​គោលនយោបាយ​ចិន​តែមួយ ដែល​អាមេរិក​និង​ចិន​បាន​ព្រមព្រៀង​កន្លងមក​។​តាមរយៈ​គោលនយោបាយ​នេះ តៃវ៉ាន់​គឺជា​ដែន​អធិបតេយ្យ​របស់​ចិន ហេតុ​នេះ​បើ​ចង់​រឹតចំណង​មិត្ដភាព​ត្រូវ​ពិភាក្សា​ជាមួយ​ទីក្រុង​ប៉េកាំង​មិនមែន​តៃវ៉ាន់​ទេ​។​ចិន​មិន​ចង់​ឲ្យ​អាមេរិក​មាន​ទំនាក់ទំន​ង​ជាមួយ​តៃវ៉ាន់ ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​យោធា​។​ប៉ុន្ដែ​អ្វី​ដែល​លោក​ត្រាំ​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ ដូច​ចង់​ឲ្យ​តៃ​វ៉ាន់រើ​បម្រាស​ចេញពី​ការគ្រប់គ្រង​របស់​ចិន​។​

៤ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

​ចិន​អះអាង​កាន់កាប់​ស្ទើរ​ទាំងស្រុង​នៃ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ការធ្វើ​សកម្មភាព​នៅ​លើ​កោះ​ជម្លោះ​និង​ថ្ម​ប៉ប្រះ​ទឹក ក្នុងនោះ​មាន​ការដំឡើង​សម្ភារៈ​យោធា​មួយចំនួន​ផង បាន​ធ្វើឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​រិះគន់​យ៉ាង​ខ្លាំង​។​មន្ដ្រី​របស់​លោក​ត្រាំ​ជាច្រើន​រូប​មាន​ទាំង​រដ្ឋមន្ដ្រីការបរទេស​ផង បាន​ព្រមាន​ទីក្រុង​ប៉េកាំង​ប្រឆាំង​ការពង្រីក​អំណាច​ក្នុង​តំបន់ ដោយ​ទទូច​ថា​អាមេរិក​នឹង​អន្ដរាគមន៍​បើ​ចាំបាច់ ដើម្បី​ការពារ​សិទ្ធិ​រុករក​ជា​អន្ដរជាតិ​។​

៥ បញ្ហា​សិទ្ធិមនុស្ស

បញ្ហា​សិទ្ធិមនុស្ស​បានក្លាយ​ជម្លោះ​យូរ​មក​ហើយ​រវាង​អាមេរិក​ជាមួយ​ចិន​។​លោក​ត្រាំ​តាំង​ពី​ចូលកាន់​តំណែង មាន​ការិយាល័យ​ប្រឆាំង​ចិន​ជា​ច្រើន​គិតថា លោក​ត្រាំ​នឹង​ចាត់​វិធានការ​ប្រឆាំង​ទីក្រុង​ប៉េកាំង​លើ​បញ្ហា​នេះ​។​ប៉ុន្ដែ​លោក​ប្រធានាធិបតី​បានបង្ហាញ​ការចាប់អារម្មណ៍​តិចតួច​ប៉ុណ្ណោះ​។​សេត​វិមាន​បានបញ្ជាក់​ថា ប្រធានបទ​នេះ​នឹង​ត្រូវ​យកមក​ពិភាក្សា​ប៉ុន្ដែ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​បារម្ភ ព្រោះ​រដ្ឋាភិបាល​លោក​ត្រាំ​បាន​ខកខាន​ឱកាស​លើក​បញ្ហា​សិទ្ធិមនុស្ស​ប្រាប់​ដល់​ចិន​ជា​ច្រើន​ដង​មកហើយ​។​ពួកគេ​ថា​បើ​គ្មាន​សម្ពាធ​ពី​អាមេរិក​ទេ ចិន​នឹង​បន្ដ​ធ្វើឲ្យ​បញ្ហា​នេះ​កាន់តែ​អាក្រក់​ជាង​មុន​៕

 ពាក្យគន្លឹះ  អាមេរិក-ចិន

ព័ត៌មានផ្សេងទៀត