បទល្មើស​ជួញដូរ​មនុស្ស​​ឆ្នាំ​២០១៦​​ថយ​ចុះ​​បើ​ធៀប​​នឹង​ឆ្នាំ​​២០១៥

05-04-2017 11:32 am 970

​បទល្មើស​នៃ​ការជួញដូរ​មនុស្ស សញ្ចារកម្ម និង​អំពើ​អាស​លើ​អនីតិជន មានការ​ថយចុះ​ក្នុង​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។ មូលហេតុ​ដែល​នាំ​ឲ្យ​បទល្មើស​ជួញដូរ​មនុស្ស​មាន​ការ​ធ្លាក់ចុះ ដោយសារ​មាន​ការចូលរួម​ទប់ស្កាត់​បង្ក្រាប របស់​កងកម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​យ៉ាងសកម្ម​។ នេះ​តាម​ការលើកឡើង​របស់​អ្នកស្រី​យក់ សុខា​អគ្គស្នងការ​រង​នគរបាលជាតិ ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ត្រីមាស​ទី​១ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ​និង​អគ្គស្នងកា​រដ្ឋា​ននគរបាលជាតិ​នា​ថ្ងៃ​ទី​៤ ខែ​មេសា​។​

​ទោះ​ជា​បទល្មើស​មាន​ការ​ថយ​ចុះ​ក៏​ដោយ ក៏​កងកម្លាំង​នគរបាល​ត្រូវតែ​បន្ត​ស្រាវជ្រាវ​នូវ​បទល្មើស​ជួញដូរ​នេះ ឲ្យ​កាន់តែ​ខ្លាំង​ជាង​មុន​។ បន្ត​ស្រាវជ្រាវ​កាន់តែ​ខ្លាំង​ជាង​មុន ព្រោះ​ជនល្មើស​ប្រព្រឹត្ត​ក្នុងករណី​ជូ​ញ​ដូរ​នេះ កំពុងតែ​មាន​ភាពស្មុគស្មាញ និងមាន​ជំនាញ​ខ្ពស់ក្នុងការ​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកស្រី​យក់ សុខា​អគ្គស្នងការ​រង​នគរបាលជាតិ​។​

​យោងតាម​របាយការណ៍​ចុះផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៦​កន្លងទៅនេះ ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​មាន ៩២​ករណី លើ​១០៥​ករណី (​ចាប់ខ្លួន ១១៣​នាក់ ជនបរទេស ៨​នាក់​, សង្គ្រោះ ២៩៨​នាក់​)​។ ក្នុងនោះ​ករណី​ជួញដូរ​មនុស្ស ២៦​ករណី ឃាត់​ជនសង្ស័យ​៣៨​នាក់ ស្រី​២១​នាក់​បរទេស​២​នាក់ (​ប៉ា​គី​ស្ថាន ម្នាក់ និង​ថៃ ម្នាក់​) ជនរងគ្រោះ ១០៣​នាក់ អនីតិជន ២២​នាក់​។ ករណី​សញ្ចារកម្ម ២៧​ករណី​ឃាត់​ជនសង្ស័យ​៣៦​នាក់ ស្រី​២៥​នាក់ ជនបរទេស​២​នាក់ (​អូស្ត្រាលី ម្នាក់​និង​វៀតណាម ម្នាក់​) ជនរងគ្រោះ ១៤៧​នាក់ អនីតិជន ២១​នាក់​។ ករណី​ទិញ​រួមភេទ និង​អំពើ​អាស​លើ​អនីតិជន ៣៩​ករណី ឃាត់​ជនសង្ស័យ ៣៩​នាក់ បរទេស ៤​នាក់ (​ឥណ្ឌា កូរ៉េ​និង​ហូ​ឡង់ ២​នាក់​)​ជនរងគ្រោះ​៤៨​នាក់ អនីតិជន​៤៨​នាក់​៕


 ពាក្យគន្លឹះ  ជួញដូរមនុស្ស

ព័ត៌មានផ្សេងទៀត