លោក​ត្រាំ​៖​​បើ​ចង់​ល្អ​​ចិន​គួរតែ​សហការ​​ជាមួយ​អាមេរិក​​ដាក់​សម្ពាធ​​កូរ៉េខាងជើង​

03-04-2017 10:24 am 3427
ប្រធានាធិបតីអាមេរិក(ឆ្វេង)និងប្រធានាធីបតីចិន

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​សង្កត់ធ្ងន់ថា ចិន​គួរតែ​ធ្វើការ​ជាមួយ​អាមេរិក​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ជា​ប្រទេស​ដែល​បង្កើនល្បឿន​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។​ការលើកឡើង​បែប​នេះ​មុនពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ទៅ​កាន់​សហរដ្ឋអាមេរិក​។​លោក​ស៊ី ជីន​ពីង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក​ជួប​លោក​ដូណាល់ ត្រាំ​នៅ​រដ្ឋ​Florida នា​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។​

​លោក​ដូណាល់ ត្រាំ​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​Financial Times​របស់​អង់គ្លេស​ថា ចិន​នឹង​ត្រូវ​សម្រេចចិត្ដជួយ​អាមេរិកដា​ក់​សម្ពាធ​លើ​កូរ៉េខាងជើងឬ​អត់​។​ប្រសិនបើ​ចិន​មិន​ព្រម នោះ​នឹង​គ្មាន​លទ្ធផល​ល្អ​ឡើយ​សម្រាប់​គ្រប់​គ្នា​។​លោក​ត្រាំ​បន្ដថា បើ​ចិន​មិន​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង អាមេរិក​នឹងធ្វើ​។​ប៉ុន្ដែ​លោក​ត្រាំ​មិន​បាន​បញ្ជាក់​លម្អិត​ពី​វិធីសាស្ដ្រ​អ្វី​ឡើយ​។​

​ដោយឡែក​នៅក្នុង​បទសម្ភាសន៍​មួយ​ផ្សេងទៀត អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី​Nikki Haley ក៏​ជំរុញ​ឲ្យ​ចិនធ្វើការ​រួមគ្នា​ជាមួយ​អាមេរិក​លើ​បញ្ហា​កូរ៉េខាងជើង​ដែរ​។​លោកស្រី​និយាយ​ពេល​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ABC​ថា អាមេរិក​នឹង​បន្ដ​ដាក់​គំនាប​លើ​ចិន ឲ្យ​ប្រកាន់​ជំហ​រឹងមាំ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

គួរកត់សម្គាល់​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ​កូរ៉េខាងជើង​ហាក់​ផ្គើន​កាន់តែខ្លាំង ធ្វើតេស្ដ​មី​ស៊ី​ល​ជា​បន្ដបន្ទាប់​។​កូរ៉េខាងជើង​ទោះ​រង​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ ប៉ុន្ដែ​រដ្ឋ​មួយ​នេះ​មិន​បាន​ខ្លាចរអា​ឡើយ​។​កាលពី​ខែ​មុន​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បួន​គ្រាប់​ធ្លាក់​ក្នុង​សមុទ្រ ក្នុងនោះ​បី​គ្រាប់​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន ធ្វើឲ្យ​ជប៉ុន​ខឹង​យ៉ាង​ខ្លាំង​។​តែ​ទោះជា​យ៉ាងនេះ កូរ៉េខាងជើង​ធ្វើ​ដូច​គ្មានអ្វី​កើតឡើង មិន​ខ្វល់​ពី​ការអំពាវនាវ​របស់​អន្ដរជាតិ និង​បម្រាម​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ​ទេ​៕

 ពាក្យគន្លឹះ  អាមេរិក-ចិន

ព័ត៌មានផ្សេងទៀត