ចិន​ឆ្លើយតប​​ក្រោយ​លោក​ត្រាំ​​បញ្ជា​ឲ្យ​ដាក់ទណ្ឌកម្ម​​ចំពោះ​​ការ​ធ្វើ​ពាណិជ្ជកម្ម​​មិន​ត្រឹមត្រូវ​

02-04-2017 2:58 pm 3109
លោក​ដូណាល់ ត្រាំនៅខាងឆ្វេងនិងលោក​ស៊ី ជី​ង​ពីងនៅខាងស្តាំ

​មុន​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ថ្លែង​ពី​បទ​បញ្ជា​របស់​លោក​មួ​យ​ថ្ងៃ ពោល​នៅ​ថ្ងៃ​សៅរ៍​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ឆ្លើយតប​ទៅ​វិញ​ថា អាមេរិក​គួរ​អនុវត្ត​វិធានការ​ពាណិជ្ជកម្ម​ណាមួយ​របស់ខ្លួន ឲ្យស្រប​តាម​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​។ លោក​ត្រាំ​កាលពី​ថ្ងៃ​សុក្រ បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក ស៊ើបអង្កេត​លើ​ការធ្វើ​ពាណិជ្ជកម្ម និង​សិក្សា​ពី​មូលហេតុ​បណ្តាលឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម និង​បង្កើន​ការដាក់ទណ្ឌកម្ម ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​មិន​ត្រឹមត្រូវ​។ អាមេរិក​ដែល​បាន​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​ដទៃ ច្រើន​ជាង​លក់​ទៅ​ក្រៅប្រទេស​នោះ បាន​ជួប​ឱនភាព​ពាណិជ្ជ​ក​ម្ម ជាង​ពាក់កណ្តាល​ជាមួយចិន​។​

 

​អ្នកនាំពាក្យ​នៃ​ក្រសួង​ពា​ណិជ្ជកម្ម​ចិន​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើង​ថា អតុល្យភាព​ពាណិជ្ជកម្ម​ចិន​និង​អាមេរិក ភាគច្រើន​បណ្ដាល​មកពី​ភាពខុស​គ្នា រវាង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​កម្រិត​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​ពីរ​។ ភាពខុសគ្នា​នេះ គួរតែ​ត្រូវបាន​ពិភាក្សា​ដោះស្រាយ​ផងដែរ និង​ថា​ចិន​មាន​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយ​អាមេរិក ដោយ​ឈរ​លើ​គោលការណ៍​សមភាព និង​ផលប្រយោជន៍​ទៅវិញទៅមក​។

 

​ការ​ផ្តោះផ្តង​គ្នា​ទៅវិញទៅមក រវាង​អាមេរិក​និង​ចិន​ពាក់ព័ន្ធ​បញ្ហា​ពាណិជ្ជកម្ម​នាពេលនេះ ហាក់ជា​ការ​សាសង​គ្នា​បណ្តើរៗ មុន​នឹង​ជំនួប​រវាង​លោក​ត្រាំ​និង​លោក​ស៊ី ជី​ង​ពីង​ប្រធានាធិបតី​ចិន​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​ទាំងពីរ នឹង​ជួប​ពិភាក្សា​គ្នា​នៅ Mar-a-Lago ស្ថិត​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ព្រហស្បត្តិ៍​និង​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​។ បញ្ហា​ពាណិជ្ជកម្ម​ត្រូវ​គេ​រំពឹងថា ជារ​បៀ​បវារៈ​កំពូល ដែល​ថ្នាក់ដឹកនាំ​មួយគូ​នេះ​នឹង​លើក​មក​ពិភាក្សា​ផង​ដែរ បន្ទាប់​ពី​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង មហិច្ចតា​របស់​ចិន​នៅ​សមុទ្រចិន​ខាងត្បូង​៕

 ពាក្យគន្លឹះ  អាមេរិក-ចិន

ព័ត៌មានផ្សេងទៀត