អាមេរិក​ថា​​អស់​ការអត់ធ្មត់​ហើយ​​ឲ្យ​ចិន​ចរចា​​ជាមួយ​​កូរ៉េ​ខាងជើង​​ម្ដង​

31-03-2017 2:36 pm 2603
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី​Nikki Haley​

​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី​Nikki Haley​បាន​និយាយថា ចិន​អាច​ធ្វើបាន​និង​ត្រូវ​តែ​ចាត់វិធានការ​បន្ថែម បង្ខំ​ឲ្យ​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។​លោកស្រី​បញ្ជាក់​ថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​នឹង​លើកឡើង​ពី​បញ្ហា​នេះ ក្នុង​កិច្ច​ជំនួប​លើក​ដំបូង​ជាមួយ​ប្រធានាធិបតី​ចិន​នា​សប្ដាហ៍​ក្រោយ​។​ស្រប​ពេល​មាន​សេចក្ដីរាយការណ៍​ថា ទីក្រុង​ព្យុងយ៉ាង​កំពុង​រៀបចំ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ ទីក្រុង​វ៉ាស៊ីនតោន​នឹង​មិន​ស្នើ​ឲ្យមាន​កិច្ច​ពិភាក្សា​នៅ​អង្គការសហប្រជាជាតិ​ទៀត​ទេ​។​

​លោកស្រី​Nikki Haley​បន្ថែមថា “​ខ្ញុំ​ពិតជា​អស់​ការ​អត់​ទ្រាំ​ហើយ​ចំពោះ​រឿងនេះ ហើយ​វា​មិន​បាន​ជួយ​ដល់​នរណា​ម្នាក់​ឡើយ​។​វា​មិនមែន​សម្រាប់​ខ្ញុះ​ទេ រដ្ឋាភិបាល​របស់​យើង​ក៏​អស់​ការ​អត់ទ្រាំ​ដែរ​។​សូម​មើល​ទាំងអស់​គ្នា តើ​យើង​អាច​ផ្លាស់ប្ដូរ​ការគិត​របស់​កូរ៉េ​ខាងជើង​បាន​ទេ​?​ទេ​!​កូរ៉េខាងជើង​មិន​អាចធ្វើ​បាន​ឡើយ​។​ប៉ុន្ដែ​ចិន​វិញ​មាន​លទ្ធភាព​ខ្ពស់​។​ខ្ញុំ​ដឹង​ហើយ​ចិន​និយាយ​ថា​បារម្ភ​ពី​កូរ៉េខាងជើង​។​ខ្ញុំ​ដឹង​ថា​ចិន​ចង់ឃើញ​កូរ៉េខាងជើង​បញ្ឈប់​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ ដូច្នេះ​សូម​បង្ហាញ​វា​ឲ្យ​យើង​ឃើញ​។​”

​លោកស្រី​Haley​បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា នៅតែ​បន្ដ​ធ្វើ​ពាណិជ្ជកម្ម​ធ្យូងថ្ម​ជាមួយ​កូរ៉េ​ខាងជើង ទោះ​បានប្រកាស​ផ្អាក​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​ចាប់ពី​ថ្ងៃ​ទី​១៨​កុម្ភៈ​។​ហេតុ​នេះ​បើ​ចង់​ចាត់វិធានការ​លើ​កូរ៉េខាងជើង អាមេរិក​ជឿជាក់​ចិន​ពិតជា​អាចធ្វើ​បាន​។​វា​ជា​ការពិត​ដែល​អាមេរិក​គ្មាន​ការអត់ធ្មត់​ទៅ​អង្គុយ​ជជែក​រឿងនេះ​ទៀតឡើយ​។​

​សូមបញ្ជាក់​ថា កូរ៉េខាងជើង​មិនបាន​ធ្វើ​តាម​សេចក្ដីសម្រេច របស់​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ទេ​។​អង្គការសហប្រជាជាតិ​ហាម​មិន​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ ប៉ុន្ដែ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​នៅតែ​ហោះ​ចេញ​ពី​ទឹកដី​កូរ៉េខាងជើង​។​ថ្មីៗ​នេះ​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បួន​គ្រាប់​ធ្លាក់​ក្នុង​សមុទ្រ ទទួល​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ជប៉ុន កូរ៉េខាងត្បូង​៕

 ពាក្យគន្លឹះ  អាមេរិក

ព័ត៌មានផ្សេងទៀត