ជំនួប​លើក​ដំបូង​​រវាង​ប្រធានាធិបតី​​អាមេរិក​-​ចិន​​គ្រោង​ធ្វើ​​នៅ​ដើម​ខែ​មេសា​

30-03-2017 8:59 am 1037
លោកស៊ី ជីនពីង(ឆ្វេង)​និងលោកដូណាល់ ត្រាំ

​ទោះបី​មិន​ទាន់​មាន​ការប្រកាស​ផ្លូវការ ប៉ុន្ដែ​ការរៀបចំ​ចុងក្រោយ​បាន​នឹង​កំពុង​ធ្វើ​ហើយ ដើម្បី​ចាប់ផ្ដើម​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក​ជាមួយ​ប្រធានាធិបតី​ចិន នៅក្នុង​រដ្ឋ​Florida​សហរដ្ឋ​អាមេរិក​នា​សប្ដាហ៍​ក្រោយ​។​នេះ​បើ​តាម​ការចុះផ្សាយ​លើ​គេហទំព័រ​NHK​របស់​ជប៉ុន​។​

​ប្រភព​ពី​មន្ដ្រី​ការទូត​បានឲ្យដឹងថា កំពុង​មាន​ការរៀបចំ​សម្រាប់​កិច្ច​ជំនួប​កំពូល​នេះ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៦-៧​ខែ​មេសា​ខាង​មុខ​។​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​គ្រោង​លើកឡើង​ពី​បញ្ហា​កូរ៉េខាងជើង​ជា​របៀបវារៈ​កំពូល​តែ​ម្ដង​នៅ​ក្នុង​កិច្ច​ជំនួប​។​មូលហេតុ​លោក​ត្រាំ​ចង់​ជជែក​ពី​កូរ៉េខាងជើង ដោយសារ​ប្រទេស​មួយ​នេះ​បាន​បន្ដ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ម្ដង​ហើយ​ម្ដងទៀត និង​បាន​បង្ហាញ​សញ្ញា​នៃ​ការរៀបចំ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​។​

​លោក​ដូណាល់ ត្រាំ​ទំនង​ជំរុញ​ឲ្យ​ចិន​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​នឹង​កូរ៉េខាងជើង ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​មួយ​នេះ​ស្របតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​ក្រៅពី​នេះ​បញ្ហា​ពាណិជ្ជកម្ម​និង​អត្រា​ប្ដូរ​ប្រាក់​អន្ដរជាតិ​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​បន្ថែម​។​លោក​ត្រាំ​បាន​និយាយថា បញ្ហា​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ត្រូវតែ​ដោះស្រាយ​ដើម្បី​ការពារ​ការងារ​នៅ​អាមេរិក​។​មន្ដ្រី​អាមេរិក​និង​ចិន​រំពឹង​នឹង​ប្រកាស​ផ្លូវការ​ពី​កិច្ច​ជំនួប​នេះ​ក្នុង​ពេល​ឆាប់ៗ​៕

 ពាក្យគន្លឹះ  អាមេរិក-ចិន

ព័ត៌មានផ្សេងទៀត