គណបក្ស​មូលដ្ឋាន​​ដាក់​គោលនយោបាយ​​១៦​ចំណុច ​រំពឹង​ឈ្នះ​តំណែង​​១០​ឃុំ​​

29-03-2017 2:44 pm 2936

​គណបក្ស​ដ៏​ថ្មី​សន្លាង​មួយ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បណ្តុំ​ដោយ​ក្រុម​បញ្ញវន្ត មាន​បទពិសោធ​ក្នុង​ការងារ​សង្គម​ស៊ីវិល និង​ដែល​កើតចេញ​ពី​បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ មាន​លោក​បណ្ឌិត​កែម ឡី​ជា​ស្ថាបនិក​ដែរនោះ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​របស់​ខ្លួន​ចំនួន​១៦ ចំណុច​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង យក​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​

 

​គោលនយោបាយ​ទាំង​១៦​ចំណុច​នោះ​មាន​៖

 

​ទី​១ ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ មិន​រើសអើង និង​ប្រកាន់​និន្នាការ​នយោបាយ​។ ពិសេស​នឹង​សម្របសម្រួល​ឲ្យមាន​ការបោះឆ្នោត​ជ្រើសរើ​សមេ​ភូមិ នៅ​ឃុំ​-​សង្កាត់​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​។​

ទី​២ ផ្តល់ឱកាស​ឲ្យ​កសិករ​ទទួលបាន​ទុន ទឹក ទីផ្សារ បច្ចេកទេស និង​មាន​ដី​សម្រាប់​ប្រកប​របរ​កសិកម្ម​មាន​ប្រាក់ចំណូល​ខ្ពស់​។​

 

​ទី​៣  ធ្វើ​ការពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន ពិសេស ធានា​ឲ្យមាន​ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច និង​មធ្យម បណ្តាញ​អគ្គិសនី និង​បណ្តាញ​ទឹកស្អាត​ដែល​មាន​គុណភាព​។​

ទី​៤  សេវា​សុខភាព ពលរដ្ឋ​នៅ​គ្រប់​ឃុំ សង្កាត់ មាន​មណ្ឌល​សុខភាព​គ្រប់គ្រាន់ ប្រកបដោយ​គុណភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

 

​ទី​៥ កូនចៅ​ប្រជាពលរដ្ឋ​ទទួលបាន​ការអប់រំ​ល្អ ដោយ​ស្មើភាព យ៉ាងតិច​ចប់​ថ្នាក់​ទី​៩​។​

 

​ទី​៦ គាំទ្រ​យុវជន​ដែល​មិន​មាន​លទ្ធភាព បន្ត​ការសិក្សា​ថ្នាក់​វិទ្យាល័យ មហាវិទ្យាល័យ ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទុន​សម្រាប់​បង្កើត​មុខរបរ​។​

 

​ទី​៧ បង្កើត​ឱកាស​ងាយស្រួល ដល់​សិប្បករ សេវា​ករ ពាណិជ្ជករ ដូចជា​ការចុះបញ្ជី​ការ​ផ្សេងៗ មិន​យក​លុយ​ក្រៅ​ប្រព័ន្ធ មិន​យកពន្ធ​ដល់​អ្នក​ចាប់ផ្តើម​អាជីព​ដំបូង សម្របសម្រួល​ក្នុង​ការ​បាន​ទុន​កម្ចី និង​ជួយ​រក​ទីផ្សារ​។​

 

​ទី​៨ រៀ​ចំ​ឲ្យ​មាន​បណ្តាញ​ការងារ​ដែល​មាន​ការចូល​រួម​ពី​អ្នកពាក់ព័ន្ធ ពិសេស​ធានា​ឲ្យ​នគរបាល​មូលដ្ឋាន​មាន​សមត្ថភាព ធនធាន និង​ឆន្ទៈ បម្រើ​ពលរដ្ឋ​។​

 

​ទី​៩ រៀ​ចំ​ឲ្យ​មាន​បណ្តាញ​ការងារ​ដែល​មាន​ការចូល​រួម​ពី​អ្នកពាក់ព័ន្ធ ដើម្បី​លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន​។​

 

​ទី​១០ រៀបចំ​សហគមន៍ គាំពារ​ជន​ចាស់ជរា គ្មាន​ទីពឹង កុមារកំព្រា និង​ជនពិការ​។​

 

​ទី​១១ គ្រប់គ្រង​ជនអន្តោប្រវេសន៍ នៅតាម​មូលដ្ឋាន​ឲ្យបាន​ល្អ​។​

 

​ទី​១២ រៀ​ចំ​ឲ្យ​មាន​តំបន់​ទេសចរណ៍ធម្មជាតិ កសិកម្ម និង​វប្បធម៌ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការងារ​នៅតាម​មូលដ្ឋាន​។​

 

​ទី​១៣ សហការ​ជាមួយ​ពលរដ្ឋ និង​អ្នកពាក់ព័ន្ធ ដើម្បី​ស្តារឡើងវិញ​នូវ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ និង​ធនធាន​ជលផល​។​

ទី​១៤ បណ្តុះបណ្តាល​ស្ត្រី​ឲ្យចូល​រួម​កិច្ចការ​សេដ្ឋកិច្ចសង្គម និង​នយោបាយ​។​

 

​ទី​១៥ លើកកម្ពស់​តួនាទី​វត្ត​អារាម​ក្នុង​ការងារ​សង្គមកិច្ច និង​បរិស្ថាន​។​

 

​និង​ទី​១៦ រៀ​ចំ​ឲ្យ​មាន​គណៈកម្មាធិការ​ឃ្លាំមើល ការដឹកនាំ​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។​ដោយ​គណៈកម្មាធិការ​នេះ មាន​សិទ្ធិ​អំណាច ស្ទង់​មតិ​ប្រជាពលរដ្ឋ​ពី​ការពេញចិត្ត ឬ​មិន​ពេញចិត្ត លើ​ការដឹកនាំ​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ រៀបចំ​វេទិកា​សាធារណៈ និង​ធ្វើ​សំណើ​មក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដើម្បី​ដក​តួនាទី​មេឃុំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​ករណី​ចាំបាច់​។​

ក្នុង​ចំណោម​ឃុំ​-​សង្កាត់​ទាំងអស់ ចំនួន ១,៦៤៦​នៅ​អាណត្តិ​ទី​៤​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ដាក់​បេក្ខជន​របស់​ខ្លួន​បាន​តែ​២៨​ឃុំ​ប៉ុណ្ណោះ​។​តែ​ក្នុង​ចំណោម​២៨​ឃុំ​គណបក្ស​នេះ រំពឹងថា នឹង​ឈ្នះ​តំណែង​ជា​មេឃុំ យ៉ាងតិចណាស់​ក៏​១០​ឃុំ​ដែរ​។​

 

​ជា​ការកត់សម្គាល់ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​១២ ដែល​បាន ចុះ​ឈ្មោះ​ប្រកួតប្រជែង យក​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ មានតែ​គណបក្ស​ធំៗ​ចំនួន​២​ប៉ុណ្ណោះ​ដែល​បាន​រាយ​បេក្ខជន​របស់​ខ្លួន​គ្រប់​ឃុំ​-​សង្កាត់ ក្នុង​ចំណោម​ឃុំ​-​សង្កាត់​ទាំងអស់ ចំនួន ១,៦៤៦ ឃុំ​-​សង្កាត់​នៅ​ទូទាំង​ប្រទេស​។​

គេ​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច និង​គ្រប់គ្រង​ឃុំ​-​សង្កាត់ ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ក៏​បាន​បង្ហាញ​នូវ​គោលនយោបាយ​របស់​ខ្លួន​ចំនួន​១៣ ចំណុច​រួច​ហើយ​ដែរ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាវ មានតែ​៥​ចំណុច​ប៉ុណ្ណោះ​៕

ដោយ​៖​ខាត់ សុធី​

ព័ត៌មានផ្សេងទៀត