ជប៉ុន​ផ្ដល់​​ជំនួយ​​ឥត​សំណង​​និង​ឥណទាន​​សរុប​ជាង​ ១០០​លាន​ដុល្លារ​​ដល់​កម្ពុជា​​

29-03-2017 10:09 am 1563

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បានឲ្យដឹង​ថា​រដ្ឋាភិបា​ល​ជប៉ុន បានសម្រេច​ផ្ដល់​ជំនួយឥតសំណង និង​កម្ចី​ការប្រាក់​ទាប​សរុប​ជាង ១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​នៅ​កម្ពុជា ដូច​ជា​ការពារ​ទឹកជំនន់ សាងសង់​ផ្លូវ ធ្វើ​មន្ទីរពេទ្យ និង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជា​ដើម​។​

 

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ធ្វើ​ជា​អធិបតី​នៃ​ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​នូវ​ថវិកា​ទាំងអស់​នេះ រវាង​លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧​។

 

​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បានឲ្យដឹងថា ថវិកា​ជា​ជំនួយឥតសំណង និង​ជា​កម្ចី​ការប្រាក់​ទាប​ជាង ១០០​លាន​ដុល្លារ​អាមេរិក នឹង​យក​ទៅ​អភិវឌ្ឍន៍​លើ​គម្រោង​សំខាន់ៗ​ចំនួន​៤ រួមមាន​៖

 

១ ហិរញ្ញ​ប្រទាន​ឥត​សំណង មាន​ទឹកប្រាក់​សរុប​ចំនួន ១០៩​លាន​យ៉េន ស្មើ​ប្រមាណ ៩៤៩,៩៧៣​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង «​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៤»​។​

 

២ ហិរញ្ញ​ប្រទាន​ឥត​សំណង មាន​ទឹកប្រាក់​សរុប​ចំនួន ១,៤៥៣​លាន​យ៉េន ស្មើ​ប្រមាណ ១២.៦៦​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង «​ធ្វើឱ្យ​ប្រសើរឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​»​។​

 

៣ ឥណទាន​សម្បទាន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១១,១៣៦​លាន​យ៉េន ស្មើ​ប្រមាណ ៩៨​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង «​ការធ្វើឱ្យ​ប្រសើរឡើង នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង (​ក្រុង​បាត់ដំបង​-​ក្រុង​សិរីសោភ័ណ​) ជំហាន​ទី​២»​។​

និង​ទី​៤ ហិរញ្ញប្បទាន​ឥត​សំណង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៣,២៧១​លាន​យ៉េន ស្មើ​ប្រមាណ ២៨.៥​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង «​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ខេត្ត​កំពង់ធំ​»​។​
​ជា​ការកត់សម្គាល់​ប្រទេស​ជប៉ុន គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ដែល​បាន​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ ចាប់តាំងពី​ប្រទេស​កម្ពុជា បានបញ្ចប់​ភ្លើងសង្គ្រាម​នា​ទសវត្សរ៍​ឆ្នាំ​៩០​មក​។

គម្រោង​ទាំង​៤​ខាងលើនេះ ត្រូវបាន​រំពឹងថា នឹង​ជួយ​កែលម្អ​ដល់​ការតភ្ជាប់​តំបន់​របស់​កម្ពុជា ហើយ​ក៏​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើងដ​ល់​ជីវភា​ព​រស់នៅ និង​ថែរក្សា​សុខភាព​របស់​ប្រជាជន​៕

ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  ជំនួយជប៉ុន

ព័ត៌មានផ្សេងទៀត