កម្ពុជា​-​ចិន​​ចាប់ដៃគ្នា​​សិក្សា​លើ​ការ​ដាំ​​ព្រៃឈើ​​ឡើងវិញ​​

28-03-2017 4:10 pm 755
​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជួប​ជាមួយ និង​មន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​ដល់​គម្រោង​របស់​ចិន​ដែល​មាន​បំណង​វិនិយោគទុន​លើ​ការដាំដុះ​ព្រៃឈើ​ឡើងវិញ​នៅ​កម្ពុជា​។ លោក​វេង សាខុន បាន​អះអាង​ថា គម្រោង​វិនិយោគទុន​របស់​ចិន​ពេលនេះ ធ្វើឡើង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​កម្មវិធី​ព្រៃឈើ​ជាតិ ក្នុង​ការដាំដុះ​ព្រៃឈើ​ឡើងវិញ​។ នេះ​បើ​តាម​យោង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​របស់​ក្រសួង​កសិកម្ម​កម្ពុជា ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃនេះ​។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក៏​បាន​ណែនាំ​គណៈប្រតិភូ និង​រដ្ឋបាល​ព្រៃឈើ​សហការ​គ្នា​ធ្វើ​ការសិក្សា​លើ​គម្រោង​វិនិយោគ​នេះ ដោយ​ចាប់ផ្ដើម​ពី​ការសិក្សា​លទ្ធភាព​ទីតាំង​ដាំ​ដុះ​នៅ​ភូមិភាគ​ឥសាន និង​បន្ត​ទៅ​តំបន់​នានា​ទៀត​ទៅ​តាម​ភាពជាក់ស្តែង​។​

​គួរបញ្ជាក់​ថា ការ​ថ្លែង​របស់​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ យ៉ាង​ដូច្នេះ ធ្វើឡើង​នៅពេល​ដែល​លោក​ជួប​ជាមួយ និង​មន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រតិភូ នៅឯ​ទីស្ដីការ​ក្រសួង​កសិកម្ម នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ​ដើម្បី​ពិភាក្សា​អំពី​បំណង​វិនិយោគទុន​លើ​ការដាំដុះ​ព្រៃឈើ​ឡើង​វិញ​នៅ​កម្ពុជា​៕

 ពាក្យគន្លឹះ  ព្រៃឈើ

ព័ត៌មានផ្សេងទៀត