ចិន​អំពាវនាវ​​ឲ្យមាន​កិច្ចសហការ​​នៅ​ដែនស​មុទ្រ​​ចិន​ខាងត្បូង​

27-03-2017 4:40 pm 1592
រូបភាព​កោះសិប្បនិម្មិត​ក្នុងសមុទ្រ​ចិនខាងត្បូង​ដែលចិន​បានសាងសង់

​មន្ដ្រីជាន់ខ្ពស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ទី​២៧​មីនា​នេះ​ថា ចិន​នឹង​ប្រទេស​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង គួរតែបង្កើត​យន្ដការ​សហ​ប្រតិ​បត្ដិកា​រ ដើម្បី​បង្កើន​ការផ្លាស់ប្ដូរ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​គ្រោះមហន្ដរាយ និង​រក្សា​សុវត្ថិភាព​ក្នុង​ការរុករក​។​

​ចិន​បាន​អះអាង​កាន់កាប់​ភាគច្រើន​នៅ​ដែន​សំបូរ​ធនធាន​មួយ​នេះ ដោយ​គ្រាន់តែ​ការធ្វើ​ជំនួញ​តាម​កប៉ាល់​ឆ្លងកាត់​ក្នុង​មួយ​ឆ្នាំៗ​គិត​ជា​ទឹកប្រាក់​រហូតដល់​៥,០០០​ពាន់​លាន​ដុល្លារ​អាមេរិក​។​ប្រទេស​ជិតខាង​មាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម ក៏​បាន​អះអាង​កាន់កាប់​នៅ​តំបន់​មួយចំនួន​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​

​ខណៈ​ដែល​ការសាងសង់​កោះ​សិប្បនិម្មិត និង​ការ​ដាក់​ពង្រាយ​យោធា​របស់​ចិន​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​បាន​បន្លាច​ដល់​ប្រទេសជិតខាង ទីក្រុង​ប៉េកាំង​បាន​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​ខ្លួន​មាន​សុវត្ថិភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយ​ការ​ទទូច​ឲ្យ​ប្រតិ​ប​ត្ដិ​តាម​ច្បាប់​សម្រាប់​អនុវ​ត្ដ​ក្នុង​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ថ្លែង​កាលពី​ចុង​សប្ដាហ៍​ក្នុង​កិច្ចប្រជុំ​នៅ​ខេត្ដ​ហៃ​ណាន អនុ​រដ្ឋមន្ដ្រីការបរទេស​ចិន​លោក​Liu Zhenmin​ថា យន្ដការ​ថ្មី​អាច​នឹង​បង្កើន​ការជឿ​ទុកចិត្ដ​គ្នា​ទៅវិញទៅមក និង​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​។​វា​អាច​រួមចំណែក​ដល់​ការផ្លាស់ប្ដូរ ដូចជា​ការការពារ​គ្រោះមហន្ដរាយ ការជួយ​សង្គ្រោះ​តាម​សមុទ្រ ការការពារ​បរិស្ថាន ជីវចម្រុះ ការស្រាវជ្រាវ​វិទ្យាសាស្ដ្រ និង​សុវត្ថិភាព​ក្នុងការ​ធ្វើ​នាវាចរ​។​លោក​បន្ថែមថា យន្ដការ​នេះ​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្ដិការ និង​បង្កើន​ការជឿ​ទុកចិត្ដ​គ្នា មិនមែន​ជា​ការដោះស្រាយ​ជម្លោះ​ឡើយ​៕

 ពាក្យគន្លឹះ  សមុទ្រចិនខាងត្បូង

ព័ត៌មានផ្សេងទៀត