អ្នកស្រី​Carrie Lam​ដែល​មាន​ទំនោរ​​គាំទ្រ​​រដ្ឋាភិបាល​ចិន​​ជាប់​ជា​ប្រមុខ​​ដឹកនាំ​ហុងកុង​

26-03-2017 1:59 pm 1198
អ្នកស្រីCarrie Lam

​នៅ​ទី​បំផុត​ទៅ​អ្នកស្រី Carrie Lam ដែល​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​ចិន​យ៉ាងខ្លាំង​នោះ បាន​ជាប់​ជា​ប្រមុខ​ដឹកនាំ​ហុងកុង​ហើយ។ ​អ្នកស្រី Carrie Lam បាន​ទទួល​ការគាំទ្រ​ពី​សមាជិក​គណៈកម្មាធិកា​រ​បោះឆ្នោត​ចំនួន​៧៧៧​សំឡេង ក្នុង​ចំណោម​សមាជិក​១២០០​នាក់ ឈ្នះ​គូប្រជែង​គឺ​លោក Jonh Tsang ទទួល​ការគាំទ្រ​ពី​សមាជិក​គណៈកម្មាធិកា​រ​បោះឆ្នោត ចំនួន​៣៦៥​សំឡេង ខណៈ​លោក Woo Kwok-hing ទទួល​ការគាំទ្រ​ចំនួន​២១​សំឡេង​ពី​សមាជិក​គណៈកម្មាធិកា​រ​។​

អ្នកស្រី Carrie Lam មាន​អាយុ​៦០​ឆ្នាំ ជា​អតីត​ប្រធាន​លេខា​របស់​រដ្ឋាភិបាល​ចាស់ បាន​ក្លាយជា​ស្ត្រី​ទីមួយ ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ​កំពូល​របស់​ហុងកុង​។ យ៉ាងណាក៏ដោយ ជ័យ​ជម្នះ​របស់​អ្នកស្រី​ភាគច្រើន​ត្រូវបាន​គេ​អះអាងថា ដោយសារ​ឥទ្ធិពល​របស់​ចិន​។ ពោល សមាជិក​គណៈកម្មាធិកា​រ​ចំនួន​១២០០​នាក់​នោះ ភាគច្រើន​មាន​ទំនោរ​រក​រដ្ឋាភិបាល​ចិន​រួចហើយ​។ បន្ថែម​លើ​នេះ សមាជិក​មួយ​ចំនួន​ផ្សេង​ទៀត ក៏​ត្រូវ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដាក់​សម្ពាធ ឲ្យ​បោះឆ្នោត​គាំទ្រ​អ្នកស្រី Carrie Lam ផងដែរ​។​

ជា​ការកត់សំគាល់ តាំងពី​មុន​ការបោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត​នេះ​ផង ប្រជាជន​ហុងកុង​និយម​ប្រជាធិបតេយ្យ បន្ត​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បេក្ខជន​ដែល​មាន​ទំនោរ​គាំទ្រ រដ្ឋាភិបាល​ទី​ក្រុង​​ប៉េកាំង​។ នៅថ្ងៃនេះ​មនុស្ស​ប្រមាណ​១​ពាន់​នាក់​បាន​ចុះ​ផ្លូវ​តវ៉ា​។ នៅ​ក្នុង​ការតវ៉ា ក៏​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​ដែល​ដាក់ពង្រាយ​ការពារ នៅ​ខាងក្រៅ​មណ្ឌល​បោះឆ្នោត​ផង​ដែរ​។

 

ក្រុម​តវ៉ា​បាន​ចោទ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ថា​បាន​ជ្រែ​ត​ជ្រែក​នៅក្នុង​ការបោះឆ្នោត​នេះ តាមរយៈ​ការបញ្ចុះ​បញ្ចូល​សមាជិក​គណៈកម្មាធិការ ឲ្យ​បោះឆ្នោត​គាំទ្រ​អ្នកស្រី​Carrie Lam ដែល​ពួកគេ​មិន​ពេញចិត្ត​។ ដោយឡែក បេក្ខជន​ដែល​ប្រជាជន​ហុងកុង​និយម​ប្រជាធិបតេយ្យ​ពេញចិត្ត គឺ​លោក Jonh Tsang​អាយុ ៦៦​ឆ្នាំ អតីត​លេខាធិការ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ចាស់​ដែរ ប៉ុន្តែ​លោក​មិនសូវ​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដូច​អ្នកស្រី Carrie Lam​ទេ​៕

 

 ពាក្យគន្លឹះ  ហុងកុង

ព័ត៌មានផ្សេងទៀត