ជប៉ុន​ផ្តល់​ថវិកា​​ជាង​​៣១​ម៉ឺន​ដុល្លារ​​សម្រាប់​សាងសង់​​អគារសិក្សា​​នៅ​កម្ពុជា​

24-03-2017 9:11 am 965

​រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​ជា​ថវិកា​ចំនួន ៣១៩,៤០៩​ដុល្លារ ដើម្បី​សាងសង់​អគារសិក្សា នៅ​តាម​សាលា​ចំនួន​៤ ស្ថិតក្នុង​ខេត្ត​កំពង់ស្ពឺ រតនគិរី និង​ខេត្ត​កណ្ដាល​។ នៅក្នុង​នោះ ថវិកា​ចំនួន ៧៥,៤១៥​ដុល្លារ នឹង​ប្រគល់​ជូន​មន្ទីរអប់រំ​ខេត្ត​កំពង់ស្ពឺ ប្រើ​សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​មួយ​ខ្នង នៅ​អនុវិទ្យាល័យ​ស្លាប​លែង​ស្ថិតក្នុង​ស្រុក​បសេដ្ឋ​។ ថវិកា​ចំនួន ៨៣,០០០​ដុល្លារ សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​មួយ​ខ្នង នៅ​អនុវិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ ស្ថិត​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី​។ ថវិកា​ចំនួន​៨០,៧៥០​ដុល្លារ​ទៀត ប្រើ​សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​មួយ​ខ្នង នៅ​សាលាបឋមសិក្សា​អូរយ៉ាដាវ ស្ថិតក្នុង​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី​។

 

ដោយឡែក​ថវិកា​ចំនួន​៨២,២៤៤​ដុល្លារ​ទៀត ប្រើ​សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​មួយ​ខ្នង នៅ​សាលា​បឋមសិក្សា​គគីរ ស្ថិតក្នុង​ស្រុក​គៀនស្វាយ ខេត្ត​កណ្ដាល​។ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ស្ថានទូត​ជប៉ុន​ឲ្យដឹងថា កិច្ចសន្យា​ផ្តល់​ជំនួ​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នឹង​ចុះហត្ថលេខា​ជាមួយ​មន្ទីរ​អប់រំ នៃ​ខេត្ត​កំពង់ស្ពឹ រតនគិរី និង​កណ្តាល​នៅ​រសៀល​ថ្ងៃទី​២៤​ខែ​មីនា​នេះ​នៅ​ស្ថានទូត​ជប៉ុន​៕

 ពាក្យគន្លឹះ  ជំនួយជប៉ុន

ព័ត៌មានផ្សេងទៀត