ឆ្នាំ​២០១៦​​ចិន​ចាប់ខ្លួន​មនុស្ស​​ជិត​១៧​ម៉ឺន​​នាក់​​ពាក់ព័ន្ធ​​​គ្រឿងញៀន​

23-03-2017 4:00 pm 683
អ្នកជាប់ឃុំពីបទពាក់ព័ន្ធគ្រឿងញៀន

​ប៉ូលិស​ចិន​បាន​ចាប់ខ្លួន​មនុស្ស​១៦៨,០០០​នាក់​ក្នុង​ឆ្នាំ​២០១៦ សង្ស័យ​ពាក់ព័ន្ធ​ការផលិត​និង​ជួញដូរ​គ្រឿងញៀន​។​ក្នុង​ឆ្នាំ​ដដែល​ចិន​ក៏​បាន​ដោះស្រាយ​ករណី​ពាក់ព័ន្ធ​គ្រឿងញៀន បាន​១៤០,០០០​ករណី​ផងដែរ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​គណៈកម្មកាធិ​ការត្រួត​ពិនិត្យ​គ្រឿងញៀន​។​

​ប៉ូលិស​រឹបអូស​គ្រឿងញៀន​បាន​ជាង​៨២​តោន ក្នុងនោះ​មាន​ប្រភេទ​ហេ​រ៉ូ​អ៊ីន មេ​តា​ហ្វេ​តា​មីន និង​កេតា​មីន នៅក្នុង​ឆ្នាំ​២០១៦ ហើយ​ការរីក​រាល​បទ​បទឧក្រិដ្ឋ​ទាក់ទង​គ្រឿងញៀន​អាច​គ្រប់គ្រង​បាន​។​នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​គណៈកម្មាធិការ​នៅក្នុង​សេចក្ដីថ្លេងការណ៍​។​

​គណៈកម្មាធិការ​បាន​និយាយថា មន្ដ្រី​៧២៥​នាក់​ត្រូវបាន​ចាប់ខ្លួន ដោយសារតែ​ខ្វះ​ការទទួលខុសត្រូវ និង​មិន​បាន​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង​បញ្ហា​គ្រឿងញៀន​។​ចិន​បាន​បង្កើន​សារ​ប្រឆាំង​គ្រឿងញៀន ដោយ​អប់រំ​ដល់​សិស្ស​ជាង​១០០​លាន​នាក់​អំពី​គ្រោះថ្នាក់​របស់​វា​។​

​សូមបញ្ជាក់​ថា ចិន​មាន​អ្នក​ញៀន​ថ្នាំ​ជាង​១​លាន​នាក់ និង​មាន​ជិត​៣៦​ម៉ឺន​នាក់​ត្រូវបាន​ព្យាបាល​ឲ្យ​ផ្ដាច់​ថ្នាំ​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៦​។​ចិន​ក៏​បាន​ចូលរួម​សហការ​ជាមួយ​ប្រទេស​មួយចំនួន​ទៀត ដើម្បី​ពង្រឹក​កិច្ចសហការ​គ្រប់គ្រង​គ្រឿងញៀន​។​ចិន​បាន​ព្យាយាម​បង្កើន​កិច្ច​សហការ​ឲ្យ​អនុវត្ដ​ច្បាប់​ប្រឆាំង​គ្រឿងញៀន និង​ការចែករំលែក​ព័ត៌មាន​ជា​មួយ​អាមេរិក រុស្ស៊ី និង​ហ្វីលីពីន​៕

 ពាក្យគន្លឹះ  ចិន

ព័ត៌មានផ្សេងទៀត